ថៃ នាំចេញអង្ករជិត ១០លានតោន ក្នុងឆ្នាំ២០២៤ ខណៈនេះជាចំនួនខ្ពស់បំផុត ក្នុងរយៈពេល៦ឆ្នាំ
បាងកក៖ ក្រសួងពាណិជ្ជកម្មរាយការណ៍ថា ថៃបាននាំចេញអង្ករចំនួន៩,៩៥ លានតោនក្នុងឆ្នាំ២០២៤ កើនឡើង១៣ភាគរយធៀបនឹងឆ្នាំ២០២៣ ខណៈនេះជាចំនួនខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ។
លោកស្រី អារ៉ាដា ហ្វួងតុង អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេស បានឱ្យដឹងថា តម្លៃអង្ករនាំចេញកាលពីឆ្នាំមុនក៏បានកើនឡើង២៧ភាគរយដល់២២៥,៦៥ ពាន់លានបាត។ អង្ករសមាន៦០ភាគរយនៃការនាំចេញសរុប ឬ៥,៩៩លានតោន បន្ទាប់មក អង្ករផ្កាម្លិះ១,៧៤លានតោន អង្ករចំហុយ១,២៧លានតោន អង្ករក្រអូប០,៦៣លានតោន អង្ករដំណើប០,៣លានតោន និងអង្ករសំរូប០,០២លានតោន។ លោកស្រី អារ៉ាដា បន្តថា ទីផ្សារនាំចេញធំបំផុតទាំង៥របស់ប្រទេសថៃ គឺប្រទេសឥណ្ឌូណេស៊ី ដែលបាននាំចូលអង្ករចំនួន១,៣៣លានតោន បន្ទាប់មកគឺប្រទេសអ៊ីរ៉ាក់ សហរដ្ឋអាម៉េរិក ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសហ្វីលីពីន។ លោកស្រីបន្ថែមថា ការនាំចេញអង្ករនៅឆ្នាំ២០២៤ កើនឡើងលើសពីគោលដៅរបស់នាយកដ្ឋានចំនួន៩ លានតោន ដោយសារការកំណើនតម្រូវការពីស្ទើរតែគ្រប់តំបន់ ជាពិសេសទ្វីបអាហ្រ្វិក ដែលបានបញ្ជាទិញអង្ករពីប្រទេសថៃ៣៤ភាគរយច្រើនជាងឆ្នាំ២០២៣។
យ៉ាងណា នាយកដ្ឋាននេះបានប៉ាន់ប្រមាណថា ការនាំចេញអង្ករនៅឆ្នាំ២០២៥ នឹងធ្លាក់ចុះពីឆ្នាំមុន ដោយសារតែការលុបចោលការរឹតបន្តឹងលើការនាំចេញរបស់ប្រទេសឥណ្ឌា។ ទន្ទឹមនឹងនេះ ឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការនាំចូលអង្កររបស់ខ្លួននៅឆ្នាំនេះ ដោយសារតែការកើនឡើងនៃការរំពឹងទុកនៃទិន្នផលក្នុងស្រុក។ នាយកដ្ឋាន និងសមាគមអ្នកនាំចេញអង្ករថៃ ប៉ាន់ប្រមាណថា ការនាំចេញអង្ករសរុបក្នុងឆ្នាំ២០២៥ នឹងមានប្រហែល៧,៥លានតោន។ លោកស្រី អារ៉ាដាបន្ថែមថា នាយកដ្ឋាននឹងបន្តជំរុញអ្នកនាំចេញអង្ករ មិនថាជាសហគ្រាសធុនតូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការនាំចេញអង្ករ និងលុបបំបាត់ភាពផ្តាច់មុខ។
លោកស្រីនិយាយថា នាយកដ្ឋានបាននិងកំពុងអញ្ជើញអ្នកនាំចេញសហគ្រាសធុនតូច និងមធ្យម ឱ្យចូលរួមក្នុងពិពណ៌ពាណិជ្ជកម្មក្នុងស្រុក និងក្រៅប្រទេសសម្រាប់ឆ្នាំនេះ រួមមាន Biofach នៅប្រទេសអាល្លឺម៉ង់ ពិពណ៌ផលិតផលធម្មជាតិខាងលិចនៅសហរដ្ឋអាម៉េរិក និង THAIFEX-Anuga Asia 2025 នៅរាជធានីបាងកក។ គេប៉ាន់ប្រមាណថា ពិព័រណ៌ទាំងនេះអាចជួយបង្កើតការលក់អង្ករថៃរហូតដល់ទៅ៦០០លានបាត៕