ក្រុមហ៊ុន OpenAI៖ ក្រុមហ៊ុនចិន កំពុងព្យាយាម ចម្លងគំរូបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI កម្រិតខ្ពស់របស់ខ្លួន
វ៉ាស៊ីនតោន៖ OpenAI ជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានលើកឡើងថា ក្រុមហ៊ុនចិនកំពុងព្យាយាមយ៉ាងសកម្មក្នុងការចម្លងគំរូបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI កម្រិតខ្ពស់របស់ខ្លួន ដោយជំរុញឱ្យមានការបង្កើនវិធានការសន្តិសុខ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរសហរដ្ឋអាម៉េរិក។
សេចក្តីថ្លែងការណ៍របស់ OpenAI កើតឡើងបន្ទាប់ពីវត្តមានរបស់កម្មវិធីបញ្ញាសិប្បនិម្មិតចិន ឌីបស៊ីក (DeepSeek) អង្រួនវិស័យបច្ចេកវិទ្យាសាកលលោកក្នុងសប្តាហ៍នេះឋ ជាមួយនឹង chatbot ថ្មីដ៏មានអានុភាពរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយចំណាយដើមទុនតិចជាង បើធៀបនឹងគូប្រជែងនៅសហរដ្ឋអាម៉េរិក។ សមត្ថភាពដ៏ខ្លាំងក្លារបស់ឌីបស៊ីក បានជំរុញឱ្យមានរលកនៃការចោទប្រកាន់ថា ក្រុមហ៊ុនចិនបានលួចចម្លងសមត្ថភាពនៃបច្ចេកវិទ្យាឈានមុខគេរបស់សហរដ្ឋអាម៉េរិក ដូចជា AI ដែលផ្តល់ថាមពលដល់ ChatGPT ជាដើម។
អ្នកនាំពាក្យ OpenAI បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយលើកឡើងពីភាពតានតឹងលើការការពារកម្មសិទ្ធិបញ្ញារបស់ AI រវាងសហរដ្ឋអាម៉េរិក និងចិនថា៖«យើងដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុនផ្សេងទៀត កំពុងព្យាយាមធ្វើតាមគំរូនៃក្រុមហ៊ុន AI ឈានមុខគេរបស់សហរដ្ឋអាម៉េរិក។ យើងជឿថា ទៅមុខទៀត យើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីការពារគំរូដែលមានសមត្ថភាពបំផុត ពីការខិតខំប្រឹងប្រែងរបស់សត្រូវ និងដៃគូប្រកួតប្រជែង ក្នុងការចម្លងបច្ចេកវិទ្យារបស់អាម៉េរិក»។ លោក ដាវីឌ សេក (David Sacks) ជាក្រុមប្រឹក្សា AI ថ្មីរបស់រដ្ឋបាល ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា មានភស្តុតាងជាច្រើនដែលចង្អុលបង្ហាញថា ឌីបស៊ីក បានចម្រាញ់ចំណេះដឹងចេញពីគំរូរបស់ OpenAI។
OpenAI លើកឡើងបន្តថា ដំណើរការនេះ គឺផ្ទុយនឹងលក្ខខណ្ឌនៃសេវាកម្មរបស់ខ្លួន ហើយបានប្តេជ្ញារារាំងការប៉ុនប៉ងលួចចម្លងបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន OpenAI កំពុងប្រឈមមុខនឹងការចោទប្រកាន់លើការរំលោភកម្មសិទ្ធិបញ្ញាជាច្រើននៅទូទាំងពិភពលោក ដែលទាក់ទងជាចម្បងទៅនឹងការប្រើប្រាស់សម្ភាររក្សាសិទ្ធិក្នុងការបណ្តុះបណ្តាលគំរូ AI របស់ខ្លួន៕