ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ចុះត្រួតពិនិត្យការងារសាងសង់សំណង់នានា នៅសាលាហ្វឹកហ្វឺន ឯកទេសមុជទឹកកោះតាគៀវ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស រួមដំណើរជាមួយនាយទាហាន នាយទាហានរងជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យការងារសាងសង់នៅសាលាហ្វឹកហ្វឺនឯកទេសមុជទឹក កោះតាគៀវ ដែលមានទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណុះឱ្យ សាលាហ្វឹកហ្វឺនទ័ពពិសេស កងទ័ពជើងគោក។
តាមរបាយការណ៍របស់លោកវរៈសេនីយ៍ឯក យឹម សុខា នាយរងសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ប្រចាំការនៅទិសសាលាហ្វឹកហ្វឺនឯកទេសមុជទឹកកោះតាគៀវ បានឱ្យដឹងថា៖ការងារសាងសង់សំណង់នានា នៅសាលាហ្វឹកហ្វឺនឯកទេសមុជទឹកកោះតាគៀវនាពេលនេះមានអគារចំនួន ០៦ខ្នង ក្នុងនោះអគារ ០៣ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានអគារទីបញ្ជាការ០១ខ្នង ទំហំ២៨×៣៥ម៉ែត្រ សាងសង់បាន ៥៨% អគារស្នាក់នៅរបស់សិក្ខាកាមចំនួន០២ខ្នង ទំហំ ៨×៣៥ម៉ែត្រ ០១ខ្នងសាងសង់បាន៩១% និង០១ខ្នង ទៀត ទំហំ៨×៣៥ម៉ែត្រដូចគ្នាសាងសង់ បាន៤០%។
ចំពោះអគារចំនួន០៣ខ្នងផ្សេងទៀត មានអគារអាហារដ្ឋានទំហំ ២៧× ៣៥ម៉ែត្រ សាងសង់បាន៨៧%ជាអំណោយរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគារឃ្លាំងដាក់ទូកទំហំ៩×៣៥ម៉ែត្រ សាងសង់បាន៩០%-អគារស្នាក់នៅរបស់គ្រូជំនាញទំហំ៨×៣៥ម៉ែត្រ ដែលសាងសង់ដោយបញ្ជាការដ្ឋានទ័ពពិសេសផ្ទាល់ សាងសង់បាន៩០%-ចាក់ជើងស៊ីទែនទឹកបាន១៥%ធ្វើបង្គន់អនាម័យរួចរាល់១០០% និងស្តាស្រះទឹកបាន ១កន្លែងជិតរូចរាល់១០០%។
ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង ក្នុងនាមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូន ក្នុងការសាងសង់នូវរាល់សមិទ្ធិផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅ សាលាហ្វឹកហ្វឺនឯកទេសមុជទឹក កោះតាគៀវនេះ។
ឧត្តមសេនីយ៍ទោក៏បានជំរុញឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ ត្រូវចេះសហការគ្នាឱ្យបានល្អប្រសើរ និងស្អិតរមួត រួមគ្នាពន្លឿន ការសាងសង់ឱ្យបានលឿង និងប្រកបដោយគុណភាព ដើម្បីឆាប់បានប្រើប្រាស់មុនរដូវវស្សាចូលមកដល់៕