ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ដឹកនាំកិច្ចប្រជុំ ស្តីពីត្រៀមការអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ ស្តីពីត្រៀមការអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។
កិច្ចប្រជុំនាព្រឹកនេះបានការអញ្ជើញចូលរួមមាន៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការ លោកមេបញ្ជាការកងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត នាយករដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាល ក្រុង ស្រុក។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដាក់ឱ្យដំណើរការ “កម្មវិធីផ្តល់ដី ការពារព្រៃរដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព” ក្នុងគោលបំណងបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅតជំនាន់ផង និងបង្កើនប្រសិទ្ធភាព ផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈ ការផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ គ្មានដីសម្រាប់សង់លំនៅឋាន និងក្រីក្រគ្មានដីសម្រាប់ធ្វើកសិកម្ម ជាលក្ខណៈគ្រួសារ និងគាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំង ការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។
កម្មវិធីនេះនឹង ផ្តល់ដីនៅក្នុងតំបន់មួយចំនួនដល់អ្នកក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់ អាស្រ័យផល និងការការពារព្រៃនិងដីរដ្ឋសម្រាប់ការអភិវឌ្ឍដោយចីរភាព ៕