បទបញ្ជារបស់លោក ត្រាំ ដែលបញ្ឈប់រំហូរនៃជំនួយបរទេសរបស់អាមេរិក សម្រាប់ ៩០ថ្ងៃ បណ្តាលឱ្យមានភាពវឹកវរជាសកល
វ៉ាស៊ីនតោន៖ បទបញ្ជារបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដែលបញ្ឈប់រំហូរនៃជំនួយបរទេសរបស់អាម៉េរិក សម្រាប់រយៈពេល៩០ថ្ងៃនៃការពិនិត្យឡើងវិញ បានបណ្តាលឱ្យមានភាពវឹកវរជាសកល។ ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) បានប្រកាសថា ជំនួយមនុស្សធម៌សង្គ្រោះជីវិតនឹងត្រូវបានលើកលែងពីការបង្កក។
នៅអាស៊ីអាគ្នេយ៍៖ ប្រទេសជាច្រើនបានពឹងផ្អែកខ្លាំងលើជំនួយរបស់ប្រទេសមហាអំណាចទី១លើលោក គឺបងធំសហរដ្ឋអាម៉េរិក។ វាមិនច្បាស់ទេថា តើការប៉ះពាល់នោះមានកម្រិតប៉ុណ្ណា ឬមានរយៈពេលវែងយ៉ាងណានោះទេ ចំពោះបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍?។
ខាងក្រោមនេះ ជាប្រទេសដែលអាចរងផលប៉ះពាល់ខ្លាំង ដោយសារចំណាត់ការរបស់បុរសសេដ្ឋកិច្ច ត្រាំ៖
ប្រទេសមីយ៉ាន់ម៉ា៖ មជ្ឈមណ្ឌលថែទាំសុខភាពសម្រាប់ជនភៀសខ្លួនរាប់ម៉ឺននាក់ នៅតាមព្រំដែនថៃ និងភូមា (មីយ៉ាន់ម៉ា) ត្រូវបង្ខំចិត្តបិទនៅថ្ងៃសុក្រទី៣១ ខែមករានេះ។ មជ្ឈមណ្ឌលថែទាំសុខភាពនៅតាមបណ្តោយព្រំដែនថៃ ត្រូវបានផ្តល់មូលនិធិដោយគណៈកម្មាធិការសង្គ្រោះអន្តរជាតិ ដែលមានការគាំទ្រពីសហរដ្ឋអាម៉េរិក។ នៅក្នុងប្រទេសមីយ៉ាន់ម៉ា កម្មវិធីប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍របស់ក្រសួងសុខភាពគ្រប់គ្រងដោយរដ្ឋាភិបាល ដែលពឹងផ្អែកលើមូលនិធិរបស់សហរដ្ឋអាម៉េរិក ក៏កំពុងត្រូវបានកាត់បន្ថយ ខណៈការផ្ដល់សេវាកម្មថ្លៃៗដោយឥតគិតថ្លៃ ដូចជាការពិនិត្យឈាមត្រូវបានផ្អាកផងដែរ។
ការផ្អាកនៃការផ្ដល់មូលនិធិនេះ ក៏កំពុងប៉ះពាល់ដល់សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យដែលកំពុងប្រថុយជីវិតរបស់ពួកគេ ដើម្បីប្រឆាំងនឹងមេដឹកនាំយោធាផ្តាច់ការ។ សកម្មជនលេចធ្លោម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ លើកឡើងថា ពួកគេត្រូវបានបញ្ជាឱ្យបញ្ឈប់ការផ្ដល់ផ្ទះសុវត្ថិភាព និងកន្លែងលាក់ខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់សកម្មជនដែលកំពុងលាក់ខ្លួនពួនអាត្មាពីការតាមប្រមាញ់របស់យោធា។ អ្នកទោសនយោបាយ ប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរនៅក្នុងពន្ធនាគារ រួមទាំងការធ្វើទារុណកម្មផងដែរ។ ជាក់ស្តែង យោធាផ្តាច់ការភូមាធ្លាប់បានប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់រួចមកហើយ។
ចំណាត់ការរបស់លោក ត្រាំ ក៏មានការព្រួយបារម្ភផងដែរអំពីផលប៉ះពាល់លើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពើឃោរឃៅរបស់ក្រុមយោធា ខណៈការផ្អាកការផ្ដល់មូលនិធិនេះ កើតឡើងស្របពេលដែលប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមនឹងវិបត្តិមនុស្សធម៌រួចទៅហើយ។ កាលពីចុងឆ្នាំមុន អង្គការសហប្រជាជាតិ បានព្រមានថា មនុស្ស២លាននាក់នៅភាគខាងលិចរដ្ឋរ៉ាឃីន កំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងភាពចលាចលបន្ទាប់ពីរដ្ឋប្រហារយោធានៅឆ្នាំ២០២១ បង្កឱ្យមានការតស៊ូប្រដាប់អាវុធ និងជម្លោះកំពុងរីករាលដាលពេញប្រទេស។ អត្រានៃភាពក្រីក្របានកើនឡើង ផលិតកម្មកសិកម្មត្រូវបានរំខាន ហើយសេវាសុខភាព និងការអប់រំប្រឈមសម្ពាធយ៉ាងធ្ងន់ធ្ងរ។
ប្រទេសហ្វីលីពីន៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានបញ្ចេញថវិកាចំនួន១៨០លានដុល្លារដល់គម្រោងនានាក្នុងប្រទេសហ្វីលីពីន កាលពីឆ្នាំ២០២៤។ នេះរួមបញ្ចូលទាំងការផ្ដល់មូលនិធិសម្រាប់ជំនួយមនុស្សធម៌ បន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លាបានវាយប្រហារប្រទេសនេះ ដែលជាតំបន់មួយងាយរងគ្រោះបំផុតចំពោះគ្រោះមហន្តរាយធម្មជាតិ។ វាក៏រួមបញ្ចូលផងដែរនូវគម្រោងនានានៅទូទាំងផ្នែក ដូចជា៖ អភិបាលកិច្ច និងសង្គមស៊ីវិល ការអប់រំ និងសុខភាព រួមទាំងជំងឺរបេង និងការរីករាលដាលមេរោគអេដស៍កាន់តែអាក្រក់របស់ប្រទេស។ ហ្វីលីពីន គឺជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុតរបស់សហរដ្ឋអាម៉េរិកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយបានទន់ទោរកៀកកើយនឹងរដ្ឋធានីវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែខ្លួនបានប្រកាន់ជំហរតឹងរ៉ឹងជាងមុន ប្រឆាំងនឹងការឈ្លានពានរបស់ចិននៅសមុទ្ទចិនខាងត្បូង។ តែយ៉ាងណា មន្ត្រីរដ្ឋាភិបាល ហាក់មិនព្រួយបារម្ភខ្លាំងចំពោះផលប៉ះពាល់នៃការបង្កកមូលនិធិនេះឡើយ ដោយអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក អេឌូអាដូ ដឺ វេហ្គា (Eduardo De Vega) បញ្ជាក់ថា វានឹងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ហ្វីលីពីននោះទេ។
ប្រទេសវៀតណាម៖ ការផ្អាកផ្តល់ជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក នឹងបញ្ឈប់ការផ្ដល់មូលនិធិសម្រាប់កម្មវិធីដោះមីននៅប្រទេសវៀតណាម។ ប្រទេសវៀតណាម នៅមានគ្រាប់បែករបស់សហរដ្ឋអាម៉េរិកបន្សល់ពីសម័យសង្គ្រាម ដែលកំពុងស្ថិតនៅរាយប៉ាយលើផ្ទៃដីមួយភាគប្រាំនៃប្រទេស ហើយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ចាប់តាំងពីសង្រ្គាមបានបញ្ចប់នៅឆ្នាំ១៩៧៥។ USAID ក៏បានផ្តល់មូលនិធិដល់គម្រោងដែលមានបំណងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខបរិស្ថាន និងសុខភាពនៅទូទាំងប្រទេសវៀតណាម ដោយបានបញ្ចេញកញ្ចប់ជំនួយមនុស្សធម៌ចំនួន១៤៦,៤៦លានដុល្លារដល់ប្រទេសក្បែររបងផ្ទះកម្ពុជាមួយនេះ កាលពីឆ្នាំ២០២៤។