អភិបាលខេត្តបន្ទាយមានជ័យ ផ្តល់អនុសាសន៍សំខាន់ៗ ៧ចំណុច ដើម្បីឱ្យវិស័យអប់រំប្រកបដោយប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅឆ្នាំសិក្សា២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនេះ ឯកឧត្ដម អ៊ុំ រាត្រី គាំទ្រចំពោះលទ្ធផលនៃអង្គសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជន និង កីឡា ក្នុងរយៈពេលពេញមួយឆ្នាំនេះ តាមរយៈរបាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបង្ហាញពីលទ្ធផលនៃការពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងស្មារតីសហការ និងចែករំលែកបទពិសោធន៍ល្អៗ រៀនសូត្រពីគ្នាទៅវិញទៅមកពិតជាទទួលបានចំណុចល្អៗជាច្រើន ដើម្បីបន្តយកទៅអនុវត្តតាមមូលដ្ឋានរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាពសម្រាប់ឆ្នាំសិក្សាថ្មីនេះ និងឆ្នាំបន្តបន្ទាប់ទៀត។
ដើម្បីឱ្យកម្មវិធីកំណែទម្រង់ ដំណើរការទៅប្រកបដោយប្រសិទ្ធភាព ឯកឧត្ដមអភិបាលខេត្ត បានផ្តល់អនុសាសន៍សំខាន់ៗ ៧ចំណុច ដោយផ្តោតសំខាន់ការលើកកម្ពស់គុណភាព នៃការអប់រំនៅគ្រប់កម្រិត ពិសេសនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ពង្រឹងគុណភាពនៃការកសាងផែនការអប់រំគ្រប់ប្រភេទនៅកម្រិតខេត្ត (មន្ទីរ) ក្រុង/ស្រុក និងសាលារៀន ដើម្បីជាត្រីវិស័យសម្រាប់អភិវឌ្ឍន៍វិស័យអប់រំ យុវជន និងកីឡា នៅក្នុងខេត្ត, អភិវឌ្ឍសមត្ថភាពបន្ថែមដល់លោកគ្រូ អ្នកគ្រូ ដែលកំពុងបម្រើការនៅតាមសាលារៀន អំពីចំណេះដឹងវិជ្ជាជីវៈ ការអប់រំបំណិនជីវិត ការអប់រំព័ត៌មានវិទ្យា និងភាសាបរទេស ស្របតាមបរិបទនៃការអប់រំតាមបែបឌីជីថល, ពង្រឹងការគ្រប់គ្រងសាលារៀនប្រកបដោយ ប្រសិទ្ធភាព តាមរយៈការជំរុញការអនុវត្តអភិក្រម នៃការគ្រប់គ្រងតាមសាលារៀន (SBM) និងពង្រឹងការប្រជុំបច្ចេកទេស ការធ្វើថ្នាក់និទស្សន៍ ការធ្វើអធិការកិច្ច ការពិនិត្យតាមដាន និងវាយតម្លៃ សាលារៀន និងថ្នាក់រៀន។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា ដើម្បីលើកកម្ពស់គុណភាពនៃការសិក្សា, បង្កើនគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និងការទទួលខុសត្រូវរបស់គ្រឹះស្ថានសិក្សាក្នុងការប្រើប្រាស់ថវិកា និងការសម្រេចចិត្តលើកម្មវិធីនានា, បង្កឱកាសនិងលទ្ធភាពការចូលរួមរបស់ ដៃគូអភិវឌ្ឍន៍ សហគមន៍ និងផ្នែកឯកជន លើការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា ពិសេសនៅកម្រិតសាលា រៀន, និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឱ្យស្របនឹងស្តង់ដារដូចជា សាងសង់អគារសិក្សា បណ្ណាល័យ ទីចាត់ការ បន្ទប់ពិសោធ បន្ទប់កុំព្យូទ័រ ទីលានអប់រំកាយ និងកីឡា បង្គន់អនាម័យ ទឹកស្អាត កន្លែងលាងដៃ ប្រអប់សង្គ្រោះ បឋម និងរោងជាងជាដើម ៕