អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ពលរដ្ឋកុំឲ្យប្រើប្រាស់ថង់ប្លាស្ទិក ចានស្នោ ដែលអាចប៉ះពាល់សុខភាព និងបង្កជាជំងឺមហារីកពោះវៀន ក្រពះ ជាដើម
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានបានក្រើនរំលឹកដល់ពលរដ្ឋតាមរយៈលោកអភិបាលក្រុងស្រុក មន្ទីរពាក់ព័ន្ធថាការប្រើប្រាសថង់ប្លាស្ទិក ចានស្នោ ជាដើមធ្វើឲ្យមនុស្សកើតជំងឺមហារីក ក្រពះ ពោះវៀន ឫជំងឺផ្សេងៗ និងការបម្រែ បម្រួលអាកាសធាតុផងដែរ មិនថាតែប្រទេសកម្ពុជាយើងទេគឺនៅលើពិភពលោកគឺកើតមានជំងឺមហារីកច្រើនដូចគ្នា។
ការក្រើនរំលឹកបែបនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តកំពង់ចាមបានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរក្រុង ស្រុក មន្ទីរពាក់ព័ន្ធដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន អនាម័យ សោភណភាព តាមបណ្តាក្រុងស្រុក។ ដែលកិច្ចពិភាក្សានេះបានធ្វើឡើងនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី៣១ខែមករាឆ្នាំ២០២៥។
ឆ្លៀតនៅក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថាការ ប្រើប្រាស់ថង់ប្លាស្ទិកគឺកើតចេញពីចំហាយ ឫចំហេះដែលបានដុត ហើយវាសាយភាយចេញ ជាពិសេសម្ហូបអាហារដែរមានកម្តៅក្តៅដែលបងប្អូនប្រជាពលរដ្ឋបានច្រក វេចខ្ចប់នោះវាបានសាយភាយចូលក្នុងម្ហូបអាហារ ហើយយើងចេះតែប្រើថង់ប្លាស្ទីកបែបនេះជារៀងរាល់ថ្ងៃទៅ វាបង្កទៅជាជំងឺមហារីក។ ឯកឧត្តមអភិបាលខេត្តកំពង់ចាមក៏បានលើកទឹកចិត្តដល់ពលរដ្ឋយើងឲ្យប្រើប្រាស់កែវ ចាន ការវេចខ្ចប់ផ្សេងៗ ដែលផលិតចេញពី ថ្ម កែវ ស្លឹកឈើ ក្រដាស ជាដើម ដើម្បីជំនួសនៃការប្រើប្រាស់ថង់ប្លាស្ទិក ចានស្នោ ដែលវាអាចជួយកាត់បន្ថយ ការកើតជំងឺមហារីកបានច្រើន។
នៅក្នុងឱកាសនេះដែរឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមក៏បានដាក់ចេញនូវផែនការមួយចំនួនថែមទៀតទៅដល់អជ្ញាធរក្រុងស្រុកគឺត្រូវមានវិធានការអប់រំផ្សព្វផ្សាយ បង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបោះបង់ការប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីឲ្យពួកគាត់ចូលរួមទទួលយកភាពស្អាតទាំងអស់គ្នា។ រីឯគោលដៅអាទិភាព គឺចាប់ផ្ដើមពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវប្រជាពលរដ្ឋប្រើប្រាស់ដងផ្លូវ រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មតាមដងផ្លូវ។ ជាមួយគ្នានេះត្រូវនាំគ្នាំបំផុសដល់សហគមន៍ប្រជាពលរដ្ឋ តាមរយៈយន្តការសិស្សសាលា យុវជនទាំងអស់គឺឲ្យពួកគាត់ចូលរួមមិនប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមសំអាតប្រមូលសំរាម និងថង់ប្លាស្ទិកយកទៅដាក់ទីកន្លែងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ៕