អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អញ្ជើញចូលជួបសម្តែងការគួសម និងពិភាក្សាការងារ
បន្ទាយមានជ័យ៖ លោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ប្រធានការិយាល័យកុងស៊ុលជប៉ុន ប្រចាំខេត្តសៀមរាប អញ្ជើញ ចូលជួបសម្តែងការគួសមនិងពិភាក្សាការងារ ជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលួមពីឯកឧត្តម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធបានចូលរួម នៅសាលប្រជុំ ខ សាលាបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៥។
តាមរយៈនៃការចូលជួបសម្តែងការគួរសមផងដែរលោក យ៉ូណេហ្សាវ៉ា អាត់ស៊ូស៊ី ក៏បានក្ដីរីករាយ ចំពោះការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្ត ក្នុងដំណេីរដែរលោកមកបំពេញបេសកកម្ម នៅក្នុងទឹកដីខេត្តបន្ទាយមានជ័យ។ លោកក៏បានមេីលឃេីញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ពិសេសក្រោមដឹកនាំរបស់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិ កាន់តែមានការរីកចម្រើន និងអភិវឌ្ឍជាខ្លាំង។ មួយវិញទៀត តាមរយៈ កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២ កម្ពុជា -ជប៉ុន ក៏កាន់តែមានភាពរឹងមាំ ស្អិតរមួតថែមទៀត។ លោកក៏បានធ្វើការស្នេីសុំកិច្ចសហប្រតិបត្តិការបន្ថែមជាមួយនឹងរដ្ឋបាលខេត្តក្នុងការជួយគាំទ្រយកចិត្តទុកដាក់លើបងប្អូនជនជាតិជប៉ុនដែលមកធ្វើការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងករណីមានអ្វីមួយកើតឡើង មានការសហការនិងផ្តល់ព័ត៌មានមកការិយាល័យកុងស៊ុលជប៉ុន ដើម្បីធ្វើការអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។
ក្នុងនោះឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត ក៏បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលតាំងពីដេីមតែងតែផ្តល់ជំនួយជួយដល់ប្រទេសកម្ពុជា ជាពិសេសខេត្តបន្ទាយមានជ័យ ដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងទាំងវិស័យអប់រំនៅតាមរយៈការសាងសង់អគារសិក្សា វិស័យសុខាភិបាល ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ រួមនឹងផ្តល់ជំនួយដល់ការដោះមីននៅក្នុងប្រទេសកម្ពុជាជាដេីម។ ក្នុងនាមរដ្ឋបាលខេត្ត ក៏នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត និងការារសន្តិសុខសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋជប៉ុនដែលមកស្នាក់នៅ ធ្វេីការ និងវិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យឱ្យបានល្អ។
ទន្ទឹម នឹង នោះឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវបន្ថែម តាមរយៈ កុងស៊ុលជប៉ុនប្រចាំ បន្តកៀងគរអ្នកវិនិយោគជប៉ុន មកបណ្តាក់ទុននៅក្នុងខេត្តបន្ទាយមានជ័យ ឱ្យបានច្រើន។ ជាពិសេសនៅក្នុងក្រុងប៉ោយប៉ែត ដែលជាតំបន់សេដ្ឋកិច្ចដែលកំពុងតែមានសក្កានុពលយ៉ាងខ្លាំង មានច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ដែល កំពុងដំណេីរការចេញ-ចូល ទំនិញជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នមានធុរកិច្ចជប៉ុន កំពុងចាប់អារម្មណ៍ និងបានមកស្វែងយល់អំពីឱកាសសម្រាប់វិនិយោគនៅក្នុងខេត្តបន្ទាយមានជ័យ កាន់តែមានច្រើនឡើង។ ក្នុងនាមរដ្ឋបាលខេត្តក៏ស្វាគមន៍ និងសម្របសម្រួលធានាដល់ការការពារសន្តិសុខ សុវត្ថិភាពដល់គ្រប់ធុរជនទាំងអស់តាមផ្លូវច្បាប់ ចំពោះអ្នកវិនិយោគជប៉ុន នឹងបង្កើនការគាំទ្រជំរុញល្បឿនកំណើន សេដ្ឋកិច្ចកម្ពុជាជារួម និងដោយឡែកខេត្តបន្ទាយមានជ័យ នឹងមានការឈានរីកចម្រើនឡើងយ៉ាងលឿនថែមទៀត៕