តុលាការថៃ ផ្តល់ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ចាកចេញពីប្រទេស
បាងកក៖ តុលាការថៃនៅថ្ងៃសុក្រទី៣១ ខែមករា បានផ្តល់ការអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ចាកចេញពីប្រទេស ដែលជាករណីលើកលែងដ៏កម្រមួយសម្រាប់ចុងចោទដែលប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ។
មហាសេដ្ឋីវ័យ៧៥ ឆ្នាំរូបនេះត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៨ ឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច បន្ទាប់ពីលោកបានត្រលប់ទៅប្រទេសថៃកាលពី២ ឆ្នាំមុនបន្ទាប់ពីការនិរទេសខ្លួនឯងនៅក្រៅប្រទេសរយៈពេល១៥ ឆ្នាំ ប៉ុន្តែក្រោយមកត្រូវបានព្រះមហាក្សត្រលើកលែងទោសមកសល់ត្រឹមរយៈពេល៦ ខែ។ កាលពីឆ្នាំមុន លោកត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រជុំវិញការបញ្ចេញមតិដែលលោកបានធ្វើទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងកាលពីប្រាំបួនឆ្នាំមុន ហើយនឹងត្រូវប្រឈមមុខនឹងការកាត់ទោសនៅខែកក្កដា។
យោងតាមច្បាប់ថៃ ជនជាប់ចោទដែលប្រឈមនឹងការកាត់ទោសត្រូវបន្តនៅក្នុងប្រទេស លុះត្រាតែមានការអនុញ្ញាតពិសេសពីតុលាការ។ កាលពីថ្ងៃសុក្រ តុលាការបានសម្រេចអនុញ្ញាតឱ្យលោកចាកចេញពីប្រទេស ដោយលើកឡើងពីអត្ថប្រយោជន៍នៃទំនាក់ទំនងអន្តរជាតិជាហេតុផល។ យោងតាមសេចក្ដីថ្លែងការណ៍របស់តុលាការ តុលាការបានពិចារណា និងអនុញ្ញាតឱ្យចុងចោទចាកចេញពីព្រះរាជាណាចក្រចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកក្កដា ដែលមិនប៉ះពាល់ដល់ការកាត់ក្ដី។ តុលាការបានបង្គាប់ឱ្យលោក ថាក់ស៊ីន តម្កល់ប្រាក់ចំនួន៥ លានបាត។ លោកត្រូវរាយការណ៍ទៅអាជ្ញាធរក្នុងរយៈពេលបីថ្ងៃក្រោយពេលត្រឡប់មកវិញ ហើយត្រូវជូនដំណឹងទៅការិយាល័យអន្តោប្រវេសន៍ពេលលោកចូលប្រទេស។
លោក ថាក់ស៊ីន បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីចាកចេញពីតុលាការថា៖ «ខ្ញុំទៅប្រជុំ មិនមែនសម្រាប់វិស្សមកាលទេ»។មេធាវីរបស់លោក ថាក់ស៊ី គឺលោក វីនយ៉ាត ឆាតម៉ុនទ្រី (Winyat Chartmontri) បាននិយាយថា លោក ថាក់ស៊ីន នឹងចូលរួមកិច្ចប្រជុំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅប្រទេសម៉ាឡេស៊ី ដែលកាន់តំណែងជាប្រធានអាស៊ាននៅឆ្នាំនេះ។ គួររំឭកថា កាលពីខែធ្នូឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំងលោកថាក់ស៊ីន ជាទីប្រឹក្សាអាស៊ាន ខណៈដែលលោក អាន់វ៉ា ធ្វើជាប្រធាននៃប្លុកតំបន់អាស៊ីអាគ្នេយ៍នៅឆ្នាំនេះ។ ទោះបីជាលោក ថាក់ស៊ីន ធ្លាប់បាននិយាយថា លោកនឹងមិនជាប់ពាក់ព័ន្ធក្នុងនយោបាយក៏ដោយ ក៏លោកនៅតែសកម្ម រួមទាំងការធ្វើយុទ្ធនាការឱ្យគណបក្សភឿថៃផងដែរ៕