ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឲ្យមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បន្តផលិត ផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលខេត្តឱ្យបានច្រើន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ
ភ្នំពេញ៖ មន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យត្រូវធ្វើជាសេនាធិការល្អរបស់រដ្ឋបាលខេត្តលើការងារព័ត៌មាន និងសាធារណមតិ ដោយបន្តយកចិត្តទុកដាក់ពិនិត្យរាល់ព័ត៌មានមិនពិត ព្រមទាំងទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលារាល់ព័ត៌មានទាំងអស់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដែលធ្វើឱ្យប៉ះពាល់ស្ថិរភាព សណ្ដាប់ធ្នាប់ បង្កអសន្តិសុខក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេសនេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់មេដាយការងារ និងផ្តល់បណ្ណសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យដែលមានស្នាដៃ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីររព័ត៌មានខេត្តបន្ទាយមានជ័យ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តក្រុមការងារព័ត៌មាន និងសាធារណមតិរបស់មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ឱ្យបន្តផលិត និងផ្សព្វផ្សាយព័ត៌មានពីសក្តានុពលខេត្តឱ្យបានច្រើនដើម្បីផ្តល់ព័ត៌មានសម្បូណ៌បែបជូនដល់សាធារណជន និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយសូមយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងបង្កើនការផលិតពីព័ត៌មានវិជ្ជមាននានាទាក់ទងនឹងសមិទ្ធផលសម្រេចបាន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត មន្ទីរជំនាញក្នុងការបម្រើប្រជាពលរដ្ឋលើគ្រប់វិស័យ។
ជាមួយនោះឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះមន្ត្រីនៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ដែលអនុវត្តកិច្ចការងារបានយ៉ាងច្រើនក្នុងឆ្នាំ២០២៤កន្លងទៅនេះ ក្នុងការគ្រប់គ្រងព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត រួមទាំងការចូលរួមរៀបចំសណ្តាប់ធ្នាប់វិស័យសារព័ត៌មាន ពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរដល់មន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ ចំពោះការបានចូលរួមយ៉ាងសកម្មក្នុងការផលិត និងផ្សព្វផ្សាយព័ត៌មាន ចូលរួមបំភ្លឺសាធារណមតិអំពីបញ្ហាផ្សេងៗ ដែលបានកើតឡើង។មួយវិញទៀតការងារព័ត៌មាន មានតួនាទីសំខាន់លើការផ្សព្វផ្សាយព័ត៌មានពិតគ្រប់គ្រងសាធារណៈមតិ ជាសមត្ថកិច្ចជាអ្នកពាំនាំព័ត៌មានទាន់ហេតុការណ៍ពីរាជរដ្ឋាភិបាលមកដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបានយល់ដឹង និងពាំនាំព័ត៌មានពីការលំបាកប្រឈមរបស់ប្រជាពលរដ្ឋ ទៅរាជរដ្ឋាភិបាលធ្វើយ៉ាងណា រហ័សលឿន ទាន់ហេតុការណ៍ ។
ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ផ្ដោតសំខាន់ចំពោះអស់លោក លោកស្រី មន្ត្រីរាជការ មន្ត្រីមន្ទីរព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានទាំងរដ្ឋនិងឯកជនធ្វើយ៉ាងណាគោរពរដ្ឋធម្មនុញ្ញ វិជ្ជាជីវៈ ព័ត៌មានឲ្យបានខ្ជាប់ខ្ជួន បន្តធានានូវបរិយាកាសល្អប្រសើរ សម្រាប់ការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាពគុណភាពទំនួលខុសត្រូវ សម្ដែងភាពស្មោះត្រង់យុត្តិធម៌ មិនលម្អៀង គោរពសិទ្ធិអ្នកដទៃ នៃការផ្សព្វផ្សាយព័ត៌មាន។ បញ្ចប់នៃកម្មវិធីឯកឧត្តម ក៏បានបំពាក់នូវ គ្រឿងឥស្សរិយយស មេដាយ បណ្ណសរសើរដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីរាជការទាំងអស់៕