យន្តហោះធុនតូចមួយគ្រឿង ដឹកមនុស្ស ៦នាក់បានធ្លាក់នៅទីក្រុង Philadelphia ខណៈក្រុមហ៊ុនជើងហោះហើរ មិនបានបញ្ជាក់ពីអ្នកនៅមានជីវិតនោះទេ
វ៉ាស៊ីនតោន៖ យន្តហោះធុនតូចមួយគ្រឿង ឈ្មោះ Medevac ដឹកមនុស្ស ៦នាក់បានធ្លាក់នៅទីក្រុង Philadelphia កាលពីថ្ងៃសុក្រទី៣១ ខែមករា ខណៈក្រុមហ៊ុនជើងហោះហើរមិនបានបញ្ជាក់ពីអ្នកនៅរស់រានមានជីវិតនោះទេ។
ក្រុមហ៊ុនសង្គ្រោះបន្ទាន់ Jet Rescue Air Ambulance បានអះអាងថា យន្តហោះរបស់ខ្លួនបានធ្លាក់ជាមួយសមាជិកអាកាសយានិក ៤នាក់ ពេទ្យកុមារម្នាក់ និងអ្នកជំងឺកុមារម្នាក់នៅលើយន្តហោះ។ ក្រុមហ៊ុនបានបង្ហាញនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«នៅពេលនេះយើងមិនអាចបញ្ជាក់អ្នកនៅរស់រានមានជីវិតបានទេ»។
អភិបាលរដ្ឋផេនស៊ីលវ៉ានៀ លោក ចូសហ៍ សាពីរ៉ូ បានប្រាប់សន្និសីទសារព័ត៌មាននៅកន្លែងកើតហេតុថា «យើងប្រាកដណាស់ថានឹងមានការហោះហើរវង្វេងនៅក្នុងតំបន់នេះ។ យើងចង់ឧទ្ទិស និងការអធិដ្ឋានរបស់យើងសម្រាប់អ្នកដែលកំពុងរងនូវភាពសោកសៅនៅពេលនេះ»។
ជុំវិញបញ្ហានេះ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ពិតជាសោកស្ដាយណាស់ដែលមានហេតុការណ៍យន្តហោះធ្លាក់នៅទីក្រុង Philadelphia រដ្ឋផេនស៊ីលវ៉ានៀ។ មនុស្សម្នារស្លូតត្រង់កាន់តែច្រើនត្រូវបានបាត់បង់ ហើយសុទ្ធសឹងតែជាជនជាតិរបស់យើង»។
គួរបញ្ជាក់ថា ឧបទ្ទវហេតុធ្លាក់យន្តហោះខ្នាតតូចនេះកើតឡើងមិនយូរប៉ុន្មាន បន្ទាប់ពីយន្តហោះក្នុងស្រុករបស់ក្រុមហ៊ុន American Airlines បានបុកផ្ទប់ជាមួយនឹងឧទ្ធម្ភាគចក្រ Black Hawk របស់យោធាសហរដ្ឋអាម៉េរិកនៅកណ្តាលអាកាសាក្បែររដ្ឋធានីវ៉ាស៊ីនតោន ដោយបានសម្លាប់មនុស្សទាំងអស់គ្មានសល់សូម្បីម្នាក់ចំនួន ៦៧នាក់៕