ការស្ទង់មតិរបស់បណ្តាញ CGTN៖ សហរដ្ឋអាមេរិកដំឡើងពន្ធគយលើប្រទេសជាច្រើន អ្នកផ្តល់បទសម្ភាសន៍ព្រួយបារម្ភថា សេដ្ឋកិច្ចពិភពលោកនឹងកាន់តែអាក្រក់
រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីដែលកាន់មុខតំណែងតិចជាងពីរសប្តាហ៍បានដំឡើងពន្ធគយលើប្រទេសជាច្រើន ហើយគោលនយោបាយ “អាមេរិកមានអាទិភាព” បានធ្វើឱ្យមានការរិះគន់និងការព្រួយបារម្ភយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ។ យោងតាមទិន្នន័យនៃការស្ទង់មតិជាច្រើនដែលចេញផ្សាយដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍សម្គាល់ឃើញជាទូទៅថា ការដំឡើងពន្ធគយដោយឯកតោភាគីរបស់អាមេរិកលើប្រទេសផ្សេងទៀតមិនអាចនាំមកនូវកំណើនសេដ្ឋកិច្ចដល់អាមេរិកនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែអាក្រក់ទៅៗ ។
នៅក្នុងការស្ទង់មតិលើកនេះ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកចំនួន 90.53% បានរិះគន់ចំពោះវិធានការការពារនិយមខាងពាណិជ្ជកម្មមួយចំនួយដែលធ្វើឡើងដោយរដ្ឋាភិបាលអាមេរិកថាជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញាត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន 92.14% សម្គាល់ឃើញថា សហរដ្ឋអាមេរិកបានធ្វើការបង្ខិតបង្ខំខាងសេដ្ឋកិច្ចចំពោះប្រទេសផ្សេងទៀត រឿងនេះបានជះឥទ្ធិពលអវិជ្ជមានរយៈពេលវែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ។ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោកចំនួន 61% សម្គាល់ឃើញថា គោលនយោបាយពន្ធគយរបស់អាមេរិកនឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ខ្លួន ។ ដើម្បីទប់ទល់នឹងវិធានការពន្ធគយរបស់អាមេរិក ប្រទេសជាច្រើនបានបង្ហាញថា នឹងចាត់វិធានការតបតវិញ ហើយ “សង្គ្រាមពាណិជ្ជកម្ម” ប្រហែលនឹងផ្ទុះឡើងជាសកល ។
ទិន្នន័យខាងលើនេះបានមកពីការស្ទង់មតិសកលចំនួន ២ និងការស្ទង់មតិតាមបណ្តាញអ៊ីនធឺណិតជាច្រើនដែលផ្តួចផ្តើមដោយ CGTN ដោយមានអ្នកផ្តល់បទសម្ភាសន៍ចំនួន 14071 នាក់នៅក្នុង 38 ប្រទេសទូទាំងពិភពលោក ៕