ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន ជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តលើកកម្ពស់ ប្រសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យសម្រេចលើសេចក្តីព្រាង “ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំទាំង២៥ រាជធានី ខេត្ត និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
មុនឈានចូលដល់កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលបំណងនៃការរៀបចំកិច្ចប្រជុំថ្ងៃនេះ មានគោលដៅសំខាន់ចំនួន២រួមមាន (ទី១) ដើម្បីបង្កឱកាសឱ្យមន្ត្រីអប់រំគ្រប់ខេត្ត ក្រុង និងរាជធានី បានយល់ដឹងឱ្យច្បាស់ អំពីខ្លឹមសារនៃព្រះរាជក្រឹត្យពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្សក្នុងវិស័យអប់រំ និង (ទី២) លើកទឹកចិត្តឱ្យមានការចូលរួមចែករំលែកបទពិសោធ និងការប្រឈមនានាក្នុងការអនុវត្តការងារកន្លងមក ដើម្បីជាធាតុចូលដ៏សំខាន់ជំរុញកែលម្អសេចក្តីព្រាងព្រះរាជក្រឹត្យនេះឱ្យកាន់តែល្អប្រសើរឡើង។
បន្ទាប់ពីស្តាប់របាយការណ៍សង្ខេបអំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាង “ព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន” ដោយឯកឧត្តមបណ្ឌិត ប្រធាននាយកដ្ឋាននីតិកម្ម និងជាសមាជិកក្រុមការងារបច្ចេកទេសរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះរួចមក អង្គប្រជុំបានចាប់ផ្តើមពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងលម្អិតទៅលើខ្លឹមសារនៃសេចក្តីព្រាងព្រះរាជក្រឹត្យ តាមជំពូកមួយចំនួន ដូចជា ៖ (១) មុខតំណែងក្នុងអង្គគ្រូបង្រៀន រួមមាន មុខតំណែងវិជ្ជាជីវៈ និងមុខតំណែងគ្រប់គ្រង ដែលតម្រូវឱ្យមានការពិពណ៌នាមុខតំណែងដោយបញ្ជាក់អំពីឧបនិស្ស័យ និងគុណវុឌ្ឍិសម្រាប់មុខតំណែងនីមួយៗឱ្យបានច្បាស់លាស់ (២) មុខតំណែងវិជ្ជាជីវៈក្នុងអង្គគ្រូបង្រៀន ទាមទារនូវជំនាញ ឯកទេស ដែលកំណត់បានតាមរយៈកម្រិតសញ្ញាបត្រ ឬវិញ្ញាបនបត្រដោយការបញ្ជាក់ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា (៣) បទប្បញ្ញតិ្តទូទៅ (៤) ក្របខ័ណ្ឌ ឋានន្តស័ក្តិ និងថ្នាក់ (៥) មុខតំណែងគ្រប់គ្រងនៃអង្គគ្រូបង្រៀន (៦) ការជ្រើសរើសចូលក្នុងក្របខ័ណ្ឌនៃអង្គគ្រូបង្រៀន (៧) ការបណ្ដុះបណ្ដាលដំបូង កម្មសិក្សា និងការតាំងស៊ប់ (៨) ការតែងតាំង បញ្ចប់មុខតំណែង ផ្ទេរ ផ្លាស់ប្តូរកន្លែងធ្វើការ (៩) ការដំឡើងថ្នាក់ ឬ ឋានន្តរស័ក្តិ (១០) ការអភិវឌ្ឍសមត្ថភាព (១១) ការចូលនិវត្តន៍ និងការបាត់បង់សម្បទាវិជ្ជាជីវៈ (១២) សមាហរណកម្ម សហវិធាន អវសានប្បញ្ញត្តិ។
នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ចាក់ថា ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែក នៃអង្គគ្រូបង្រៀន គឺជាផ្នែកមួយដ៏សំខាន់ក្នុងការបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តស្តង់ដាសាលារៀនគំរូ និងបានផ្តល់អនុសាសន៍មួយចំនួនដូចជា៖ សូមឱ្យមន្ទីរអប់រំ យុវជន និងកីឡាតាមខេត្តទាំងអស់ រៀបចំបញ្ជីផែនការជួយគាំទ្រសាលារៀន ទាំងក្នុងក្របខណ្ឌគម្រោង និងក្រៅគម្រោងដែលគាំទ្រដោយដៃគូអភិវឌ្ឍទាំងអស់ ដោយមានការចូលរួមគាំទ្រដោយនាយកដ្ឋានជំនាញ ដើម្បីជំរុញការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់, សូមរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាឆ្លើយតបនឹងបញ្ហាប្រឈមផ្សេងៗ រួមទាំងការប្រឡងប្រណាំងការអនុវត្តសូចនាករ និងវិធានការដាក់ចេញក្នុងសន្និបាតអប់រំ, សូមឱ្យគ្រប់សាលារៀនចូលរួមឱ្យសកម្មក្នុងការផ្តល់ទិន្នន័យធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រសាលារៀន, សូមលើកទឹកចិត្តឱ្យសាលារៀនទាំងអស់យកចិត្តទុកដាក់ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន ដោយឆាប់ៗនេះ ក្រសួងនឹងរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ព្រមទាំងប្រកាសឱ្យមានការប្រើប្រាស់សាលាឌីជីថលជាផ្លូវការ, និង លើកទឹកចិត្តឱ្យមានការផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលារៀនជំនាន់ថ្មីជាមួយសាលារៀនតាមខេត្ត ដើម្បីផ្លាស់ប្តូរបទពិសោធ និងរៀនសូត្រពីគ្នាទៅវិញទៅមក។
សាជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសដែលបានយកអស់កម្លាំងកាយចិត្តរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យនេះឡើងប្រកបដោយខ្លឹមសារគ្រប់ជ្រុងជ្រោយ និងថ្លែងអំណរគុណដោយស្មោះដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ដែលចូលរួមជាធាតុចូលយ៉ាងសំខាន់ក្នុងការបន្តកែលម្អសេចក្តីព្រាងឱ្យមានខ្លឹមសារកាន់តែល្អប្រសើរ ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល៕