រដ្ឋបាលខេត្តតាកែវ រៀបចំពិធីជួបសំណេះសំណាលជាមួយអាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្មនៅទូទាំងខេត្តតាកែវ មានចំនួន ៦៧៣ដេប៉ូ
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយ ជាមួយអាជីវករលក់ដុំ លក់រាយ ថ្នាំកសិកម្មនៅទូទាំងខេត្តតាកែវ មានចំនួន ៦៧៣ដេប៉ូ ដែលបានរៀបចំធ្វើឡើងនៅបរិវេណមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
យោងទៅតាមរបាយការណ៍របស់ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា នៅទូទាំងខេត្តតាកែវ មានដេប៉ូធនមធ្យម និងតូច មានសរុបចំនួន ៦៧៣ដេប៉ូ និងក្រុមហ៊ុនវេចខ្ចប់ចំនួន ៣ក្នុងនោះ រួមមាន៖ ដេប៉ូលក់ជីកសិកម្ម ចំនួន ២៩៤ដេប៉ូ, ដេប៉ូលក់ថ្នាំ ចំនួន ៦៦ដេប៉ូ, និងដេប៉ូលក់ជីថ្មាំចម្រុះ ចំនួន ៣១៣ដេប៉ូ ដែលបាននឹងកំពុងដំណើរការនៅខេត្តតាកែវ។
ដោយឡែកសម្រាប់ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មានការិយាល័យនីតិកម្មកសិកម្ម បានចុះអធិការកិច្ច ចំនួន ១៤លើក ក្នុងនោះបានណែនាំផ្ទាល់ចំនួន ៧០ដេប៉ូ និងចេញលិខិត ចំនួន ៣៤ដេប៉ូ ៕