នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជួបជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិភាក្សាលើបញ្ហាមីយ៉ាន់ម៉ា និងរូបិយបណ្ណគ្រីបតូ
គូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានជួបជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យទី២ ខែកុម្ភៈ ដោយបានពិភាក្សាលើបញ្ហារាប់សិបជំពូក រួមទាំងបញ្ហាមីយ៉ាន់ម៉ា និងរូបិយបណ្ណគ្រីបតូ។
បើតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពណ៌នាថា ជំនួបជាមួយ លោក ថាក់ស៊ីន គឺទទួលបាន «ផ្លែផ្កា» ខណៈអ្នកទាំងពីបានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន រួមទាំងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងស្ថានភាពនៃការវិវត្តនៃរូបិយបណ្ណគ្រីបតូ។
គួរជម្រាបថា ជំនួបរវាងលោក អាន់វ៉ា និងលោក ថាក់ស៊ីន ធ្វើឡើងបន្ទាប់ពីតុលាការឧក្រិដ្ឋកម្ម បានអនុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីថៃរូបនេះ ធ្វើដំណើរទៅក្រៅប្រទេស ដើម្បីចូលរួមកិច្ចប្រជុំនៅប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២-៣ ខែកុម្ភៈ។
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ តុលាការឧក្រិដ្ឋកម្មបានអះអាងថា សំណើរបស់លោក ថាក់ស៊ីន ត្រូវបានគាំទ្រដោយរដ្ឋមន្ត្រីការបរទេស ដែលផ្តល់ការធានាថា សំណើនេះនឹងមិនប៉ះពាល់ដល់ការស៊ើបអង្កេតលើករណីប្រមាថព្រះមហាក្សត្រថៃនោះទេ។ យ៉ាងណា រដ្ឋមន្ត្រីការបរទេសថៃ ក៏បានលើកឡើងករណីនេះ ថាការធ្វើដំណើរទស្សនកិច្ចរបស់ លោក ថាក់ស៊ីន នឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសថៃ និងកសាងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ម៉ាឡេស៊ី គឺជា ប្រធាន អាស៊ាន នៅ ឆ្នាំ ២០២៥នេះ ហើយ នាយក រដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានតែងតាំង លោក ថាក់ស៊ីន ជាទីប្រឹក្សា អាស៊ានផងដែរ៕