អាជ្ញាធរខេត្តកំពង់ធំ បិទចរាចរយានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់ស្ពានអូរមៀន
ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនថា ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់។
នៅពេលថ្មីៗកន្លងទៅនេះក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យចំនុចស្ពានខាងលើឃើញថា មានស្ថានភាពទ្រុតទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បានទេ។
ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលធ្វើដំណើរពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់ដោយឆ្លងកាត់ស្ពានអូរមៀន រដ្ឋបាលខេត្ត សូមធ្វើការបិទចរាចរចំពោះយានយន្តដឹកទំនិញ គ្រប់ប្រភេទ ដោយអនុញ្ញាតឲ្យតែយានយន្តធន់តូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋដែលជាម្ចាស់យានយន្តដឹកទំនិញគ្រប់ប្រភេទ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ ជាមួយអាជ្ញាធរដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកថែរក្សាផ្លូវ ស្ពានឱ្យប្រើប្រាស់បានយូរអង្វែង៕