ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បង្ហាញការគាំទ្រ និងចូលរួមសម្របសម្រួល រាល់ដំណើរការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ឱ្យទទួលបានជោគជ័យកាន់តែត្រចះត្រចង់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក ដឹកនាំដោយលោកស្រី ឃ្លែរ ខូណាន់ នាយិកាប្រចាំប្រទេសកម្មវិធីស្បៀងអាហារពិភពលោក ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិភាក្សាលើសំណើសុំបន្តការគាំទ្រផ្គត់ផ្គង់អង្ករ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ដល់កម្មវិធីស្បៀងអាហារពិភពលោក សម្រាប់ការអនុវត្តចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្រោមគម្រោងកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយចក្ខុវិស័យ អភិវឌ្ឍកុមារកម្ពុជាឱ្យមានកាយសម្បទារឹងមាំ បញ្ញាស្មារតីឆ្លាតវៃ លើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ និងរួមចំណែកដល់ការកសាងសង្គមមួយ មានវិបុលភាព ចីរភាព និងបរិយាបន្ន។
ក្នុងឱកាសជំនួបនេះ នាយិកាប្រចាំប្រទេសរបស់កម្មវិធីស្បៀងពិភពលោក បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានរាយការណ៍ពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនកន្លងមក រហូតទទួលបានការគាំទ្រដ៏ច្រើនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសតាមរយៈការប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយរំពឹងថាកម្មវិធីនេះ នឹងបន្តពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការបន្តជួយគាំទ្រផ្នែកបច្ចេកទេស និងរួមចំណែកជំរុញឱ្យកម្មវិធីផ្តល់អាហារតាមសាលារៀនដំណើរការទៅដោយរលូន និងមានការទទួលស្គាល់ ព្រមទាំងបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកាត់បន្ថយភាពក្រីក្រ និងផ្តល់អាទិភាពដល់ការវិនិយោគលើមូលធនមនុស្សដែលជាមូលដ្ឋានគ្រឹះ ឈានទៅសម្រេចគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០ និងរួមចំណែកដល់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រ និងចូលរួមសម្របសម្រួលនូវរាល់ដំណើរការក្នុងការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនឱ្យទទួលបានជោគជ័យកាន់តែត្រចះត្រចង់ ដោយបានគូសបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តការឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលដៅធានាឱ្យបានថាកុមារគ្រប់រូបមានឱកាសទទួលបានសុខភាព និងអាហារប្រកបដោយជីវជាតិតាមសាលារៀន។
គួរបញ្ជាក់ដែរថា កម្មវិធីស្បៀងអាហារពិភពលោក នៅដំណាក់កាលដំបូងត្រូវបានបង្កើតឡើងសម្រាប់រយៈពេល ៤ឆ្នាំ (២០២២-២០២៥) ដើម្បីចង្អុលបង្ហាញដល់ការផ្លាស់ប្តូរភាពជាម្ចាស់មានលក្ខណៈជាប្រព័ន្ធពេញលេញលើការអនុវត្ត និងគ្រប់គ្រងកម្មវិធីជាតិផ្តល់អាហារតាមសាលារៀនដល់ក្រសួងអប់រំ យុវជន និងកីឡា ជាមួយជំនាញដែលអាចបន្តពង្រីកកម្មវិធីនេះបន្ថែមទៀតរហូតដល់ឆ្នាំ២០៣០ និងបន្តទៅឆ្នាំខាងមុខ៕