ឧត្តមសេនីយ៍ទោ សោម ស៊ុន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បាក់ដាវ ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិ ភាគទី៤ និងការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំថ្ងៃនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន សហការ ជាមួយ មន្ត្រី រដ្ឋបាល ជល ផលសង្កាត់ពាមបាង នៃ មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្តកំពង់ ធំ ដំណើរ ការបង្ក្រាបបទល្មើសនេសាទដែលកំពុងមានការកើតឡើងនៅក្នុងតំបន់បាក់ដាវ ក្នុង ភូមិ សាស្ត្រ បឹង ទន្លេសាប ជាប់ ព្រំ ប្រទល់ ស្រុក ជីក្រែង ខេត្ត សៀម រាប ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយ នៅ ក្នុងឱកាសនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានកំទេចរបាំងស្បៃអួនខុសច្បាប់ចំនួន ៣ ខ្សែ ដែលមានប្រវែងសរុបប្រមាណជិត ១៥០០ម៉ែត្រ កំទេចឡុកចំនួន ៣ ឡុក និង ប្រលែង ត្រីមួយចំនួន ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ។ ជាមួយនោះដែរកងកម្លាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានស្នើសុំសហការនិងអំពាវនាវដល់អាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកមេខ្លោង ដែលប្រើប្រាស់មធ្យោបាយនិងឧបករណ៍ខុសច្បាប់ ដែលមានលក្ខណៈជាទ្រង់ ទ្រាយធំ និង អ្នក ពាក់ ព័ន្ធ ដែលបានឃុបឃិតបំផ្លាញធនធានធម្មជាតិនាពេលកន្លងទៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕