អូស្ត្រាលីគាំទ្រកំណើន និងការជំរុញវិស័យទេសចរណ៍ឡើងវិញ របស់ខេត្តសៀមរាប
ភ្នំពេញ៖ អូស្ត្រាលីប្តេជ្ញាពង្រឹងវិស័យសុខភាព អនាម័យ កំណើនសេដ្ឋកិច្ច វិស័យអប់រំ និងជីវភាពរស់នៅរបស់ប្រជាជនទូទាំងខេត្តសៀមរាប។
នាថ្ងៃទី៥ កុម្ភៈ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ដើម្បីពិភាក្សាអំពីភាពជាដៃគូយូរអង្វែងរបស់អូស្ត្រាលីនៅក្នុងខេត្តនេះ។ កិច្ចពិភាក្សារបស់ឯកឧត្តមទាំងពីរ ផ្តោតលើវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច កសិកម្ម និងការអភិវឌ្ឍសហគមន៍។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរលោកអភិបាលខេត្ត ចំពោះភាពជោគេជ័យនៃកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលីចំពោះអនាគតរបស់កម្ពុជាគ្មានផលប៉ះពាល់ដោយសារមីន។ អូស្ត្រាលីនៅតែជាដៃគូដែលមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍ និងកំណើនប្រកបដោយចីរភាពសម្រាប់ខេត្តសៀមរាប។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការ ភាពជាដៃគូរឱ្យកាន់តែប្រសើរ លើវិស័យសុខាភិបាល អប់រំ និងបរិស្ថាននៅខេត្តសៀមរាប។
ទន្ទឹមនឹងនេះ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ ៕