ថៃ ចង់ដាក់ចេញសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដំបូងសម្រាប់វិស័យបន្ទះឈីប ឬ semiconductor ឱ្យបានរួចរាល់នៅ ៩០ថ្ងៃខាងមុខ
បាងកក៖ ថៃមានបំណងចង់ដាក់ចេញសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដំបូងសម្រាប់វិស័យបន្ទះឈីប ឬsemiconductor ឱ្យបានរួចរាល់ក្នុងរយៈពេល៩០ថ្ងៃខាងមុខ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ មានបំណងទាក់ទាញការវិនិយោគថ្មីៗ ចំពេលចំហាយសង្រ្គាមពាណិជ្ជកម្មរវាងអាម៉េរិក-ចិន កំពុងភាយក្លិនបណ្តើរៗ។
អគ្គលេខាធិការនៃក្រុមប្រឹក្សាវិនិយោគថៃ (BOI) បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ក្រុមប្រឹក្សាភិបាល semiconductor ជាតិរបស់ប្រទេសនឹងជួលអ្នកប្រឹក្សាដើម្បីអភិវឌ្ឍគោលដៅយុទ្ធសាស្ត្រឧស្សាហកម្មថ្មី។ លើសពីនេះ BOI ក៏កំពុងធ្វើការលើកម្មវិធី Roadshow ទៅកាន់សហរដ្ឋអាម៉េរិក និងជប៉ុន ដើម្បីទាក់ទាញការវិនិយោគលើវិស័យ semiconductor នៅក្នុងប្រទេសថៃផងដែរ។
គួរជម្រាបថា ឧស្សាហកម្ម semiconductor សកល ត្រូវបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នៅពេលសហរដ្ឋអាម៉េរិក និងចិន ប្រកួតប្រជែងគ្នាដណ្តើមយកឧត្តមភាពនៃបច្ចេកវិទ្យា។ ខ្សែច្រវាក់ផ្គត់ផ្គង់មួយចំនួន បានផ្លាស់ប្ដូរទីតាំងទៅកាន់តំបន់អាស៊ីអាគ្នេយ៍ ស្របពេលភាពចលាចលកើនឡើងខ្លាំង បន្ទាប់ពីការឡើងកាន់តំណែងសាជាថ្មីរបស់លោក ដូណាល់ ត្រាំ។ ជាក់ស្តែង កាលពីចុងសប្តាហ៍មុន លោក ត្រាំ បានប្រកាសអំពីពន្ធ១០ភាគរយ លើការនាំចូលរបស់ចិន ដែលជាផ្នែកមួយនៃផែនការទូលំទូលាយ ដើម្បីបង្កើនសមតុល្យពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។
ថៃ គឺជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីររបស់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ហើយប្រទេសនេះ បានកើនឡើង៣៥ភាគរយនៅក្នុងតម្លៃនៃកម្មវិធីវិនិយោគក្នុងប្រទេសកាលពីឆ្នាំមុន គឺ១,១៤ពាន់ពាន់លានបាត ឬ៣៣,៥ពាន់លានដុល្លារ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្សរ៍។ យោងតាមរបាយការណ៍ឆ្នាំ២០២៤ ដោយក្រុមហ៊ុនប្រឹក្សា A.T. Kearney បង្ហាញថា ថៃជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រទេសឥណ្ឌា ក្នុងនាមជាប្រទេសសេដ្ឋកិច្ចដែលកំពុងរីកចម្រើនខ្លាំងនៃឧហ្សាហកម្មគ្រឿងអេឡិចត្រូនិក និងបន្ទះឈីប។ គួរបញ្ជាក់ថា ថៃកំពុងកំណត់គោលដៅប្រហែល៥០០ពាន់លានបាត ក្នុងការវិនិយោគថ្មីនៅក្នុងវិស័យ semiconductors ត្រឹមឆ្នាំ២០២៩៕