សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់មន្ត្រីចុះសួរសុខទុក្ខដោយផ្ទាល់ដល់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងឧបត្ថម្ភថវិកា ១០លានរៀល ជួយដល់ការព្យាបាលមន្ត្រីនគរបាលពន្លត់អគ្គិភ័យដែលមានជំងឺសួតធ្ងន់ធ្ងរ
ភ្នំពេញ៖ ដោយមើលឃើញពីការលះបង់ដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋនិងសង្គមជាតិ ជាក់ស្តែងនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្ភារៈមួយចំនួន ព្រមទាំងថវិកា១០លានរៀល ជូនចំពោះលោកអនុសេនីយ៍ឯក អ៊ុំ សំណាង អាយុ៣៤ឆ្នាំ នាយរងផ្នែក ចំណុះការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលមានជំងឺសួតធ្ងន់ធ្ងរបណ្តាលមកពីផលប៉ះពាល់ដោយសារធាតុអាម៉ូញាក់ខណៈពេលដែលកំពុងប្រតិបត្តិការជួយសង្គ្រោះនិងបាញ់ពន្លត់គ្រោះអគ្គិសភ័យកាលពីពេលកន្លងទៅ និងបានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលេីកទឹកចិត្តដល់ក្មួយ អ៊ុំ សំណាង សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ និងស្តាប់តាមវេជ្ជបញ្ជាគ្រូពេទ្យដេីម្បីឆាប់បានជាសះស្បេីយឡេីងវិញ។
លោកជំទាវបានលើកឡើងបន្ថែមថា «ក្មួយពិតជាមនុស្សល្អមួយរូបហ៊ានលះបង់អាយុជីវិតខិតខំពុះពារជំនះនូវឧបសគ្គឆ្លងកាត់ធូលីផ្សែងកម្តៅភ្លើងដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន ដើម្បីជួយទប់ស្កាត់និងជួយសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋពីគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះអគ្គិសភ័យដែលបង្កឡើងពីមនុស្ស និងធម្មជាតិ។ ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយ អ៊ុំ សំណាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់»។
ជាមួយគ្នានេះ ក្រុមគ្រួសាររបស់លោក អ៊ុំ សំណាង បានថ្លែងអំណរគុណដោយក្តីរំភេីបក្តុកក្តួលចំពោះការសណ្តោសប្រណី របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីទទួលបានដំណឹង និងចាត់មន្ត្រីឱ្យចុះមកសួរសុខទុក្ខដោយផ្ទាល់ និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលដេីម្បីជួយសម្រាលការសម្រាកព្យាបាលក្នុងពេលដ៏លំបាកមួយនេះ។
ជាចុងក្រោយ ក្រុមគ្រួសារលោកអ៊ុំ សំណាង សូមគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមបីបាច់ថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដេីម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់កូនចៅ និងប្រជាជនកម្ពុជា ជារៀងដរាបតទៅ ៕