អភិបាលខេត្តព្រៃវែង៖ វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានថ្លែងថា វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ និងជាកត្តារួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្តែង ការៀបចំកសាងវត្តអារាមនេះ គឺជាការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំក្នុងការអភិវឌ្ឍន៍មូលដ្ឋាន និងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋសម្រាប់ធ្វើបុណ្យទាន។
ក្នុងពិធីបុណ្យផ្កាប្រាក់រស្មីសាមគ្គី និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តធម្មរតន៍ ហៅវត្តសង្កែ ស្ថិតនៅក្នុងឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម សួន សុម៉ាលីន បានមានប្រសាសន៍ថា ការរៀបចំពិធីបុណ្យផ្ការប្រាក់រស្មីសាមគ្គីនេះ គឺដើម្បីប្រមូលបច្ច័យកសាង សាលាពុទ្ធិកបឋមសិក្សាក្នុងវត្តធម្មរតន៍ ហៅវត្តសង្កែ ដែលជួយដល់ពុទ្ធិកសិក្សា ជាវិស័យអប់រំ តាមបែបព្រះពុទ្ធសាសនា ដែលបានបង្កើតតាំងពីសម័យដើមមក ដើម្បីបណ្តុះបណ្តាលធនធានព្រះសង្ឃ និងកាត់បន្ថយអត្រាអនក្ខរភាពក្នុងសង្គម តាមរយៈការផ្តល់ចំណេះដឹង និងសីលធម៌ ដែលជាគ្រឹះរួមចំណែកក្នុងការលើកកម្ពស់សង្គមជាតិ និងតម្លៃព្រះពុទ្ធសាសនា។ បច្ចុប្បន្ន ពុទ្ធិកសិក្សា ត្រូវបានរៀបចំជាបីកម្រិត គឺកម្រិត បឋម-មធ្យម និងកម្រិតឧត្តម ដែលមានអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាស្ថាប័នទទួលខុសត្រូវនៅក្នុងក្រសួងធម្មការ និងសាសនា។
ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ជាក់ថា ខេត្តព្រៃវែងមានប្រជាពលរដ្ឋរស់នៅច្រើនជិត មួយលានបីសែននាក់ មានវត្តសរុបចំនួន៥១៩វត្ត ក្នុងនោះវត្តធម្មយុទ្ធមានចំនួន១៩វត្ត និងវត្តមហានិកាយមាន ចំនួន៥០០វត្ត ដូច្នេះថ្នាក់ដឹកនាំខេត្ត ទាល់តែដើរមួយថ្ងៃមួយវត្ត មួយឆ្នាំក៏មិនគ្រប់ផង។
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក តាំងពីនីតិកាលទី១ រហូតដល់នីតិកាលទី៦ នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានា ដើម្បីធានាលើកស្ទួយជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា សំដៅសម្រេចឲ្យបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមបន្តថា ជាមួយនឹងការទទួលបាននូវសមិទ្ធផលជាផ្លែផ្កា ក៏ដូចជាការវិវត្តន៍រីកចម្រើនរបស់ប្រទេសជាតិ កន្លងមកខេត្តព្រៃវែង ក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ សម្តេចក្រឡាហោម ស ខេង អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបច្ចុប្បន្នឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានធ្វើឲ្យខេត្តព្រៃវែង មានការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងប្រជាជនរស់នៅប្រកបដោយសុខសុវត្ថិភាពនៅមូលដ្ឋាន។
ក្នុងឱកាសនោះឯកឧត្ដម សួន សុម៉ាលីន ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជារដ្ឋបាលស្រុក ឃុំ សូមយកចិត្តទុកដាក់លើចំណុចមួយ ចំនួនដូចខាងក្រោម៖
-សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរគ្រប់ថ្នាក់ សូមធ្វើយ៉ាងណារក្សាឲ្យបាននូវសុខសន្តិភាព
-អាជ្ញាធរមូលដ្ឋានត្រូវខិតខំបន្តផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
-បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាព ពិសេសលើការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដែលមានខ្លឹមសារទាំង៧ចំណុច
-បន្តដោះស្រាយនូវសំណើរ សំណូមពរ បញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ (ដោយពេលនេះ ជារដូវប្រាំង ដូចនេះសូមប្រជាកសិករយកចិត្តទុកដាក់នូវការប្រើប្រាស់ទឹកឲ្យបានល្អ ពិសេសមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរគ្រប់ថ្នាក់ ពង្រឹងនូវការគ្រប់គ្រងទឹក ក៏ដូចជាអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ក្នុងករណីខ្វះខាតទឹកប្រើប្រាស់សម្រាប់បម្រើការងារកសិកម្ម)។
សូមបញ្ជាក់ថា ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត និងក្រុមការងារបានប្រគេនបច្ច័យដល់វត្តធម្មរតន៍ ហៅវត្តសង្កែចំនួន៧០,៥៦០,០០០រៀល។ បន្ថែមពីលើថវិកាដែលជាបច្ច័យ ចូលរួមកសាងខាងលើលោកអភិបាលខេត្ត សន្យាថានឹងប្រគេនជាបច្ច័យសម្រាប់ចំណាយថ្លៃគូគំនូរលើពិដាន នៃសាលាឆាន់ទាំងអស់គ្រប់ផ្ទាំងផងដែរ៕