ឯកឧត្ដម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវឌ្ឍនភាពនៃការរៀបចំធាតុចូលសម្រាប់សេចក្ដីព្រាងច្បាប់ស្តីពីភូមិបាល(ថ្មី)
ភ្នំពេញ៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំធំ នៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងវឌ្ឍនភាពនៃការរៀបចំធាតុចូលសម្រាប់សេចក្ដីព្រាងច្បាប់ភូមិបាល(ថ្មី) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ជាថ្នាក់ដឹកនាំ ព្រមទាំងលោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្រ្ដី សរុបចំនួន១៩រូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម រដ្ឋមន្រ្ដី បានមានមតិស្វាគមន៍ និងអរគុណចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងខ្លឹមសារធាតុចូលដើម្បីស្នើដាក់បញ្ជូលក្នុងសេចក្ដីព្រាងច្បាប់ភូមិបាល(ថ្មី) ដោយបានសិក្សាទាំងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ ព្រមទាំងការអនុវត្ដជាក់ស្ដែងនាពេលបច្ចុប្បន្ន។
បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ក្រុមការងាររួចមក ឯកឧត្ដម រដ្ឋមន្រ្ដី បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួន ដើម្បីជូនអង្គប្រជុំពិនិត្យ និងពិភាក្សាក្នុងការប្រមូលធាតុចូលបន្ថែមទៀតឱ្យបានគ្រប់ជ្រុងជ្រោយ។
ជាទីបញ្ចប់ ឯកឧត្ដម រដ្ឋមន្រ្ដី បានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូលដែលបានពិភាក្សាក្នុងការផ្លាស់ប្ដូរមតិយោបល់ជាច្រើនពាក់ព័ន្ធនឹងបញ្ហាប្រឈម ក៏ដូចជាការផ្ដល់ជាធាតុចូលមួយចំនួនដ៏មានសារៈសំខាន់ សម្រាប់ជូនក្រុមការងារដើម្បីពិនិត្យ និងកែសម្រួលខ្លឹមសារស្របតាមស្មារតីនៃអង្គប្រជុំទាំងមូល។