លោក ត្រាំ បើកទ្វារសេតវិមានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា ដោយបានពិភាក្សាអំពីការបន្ធូរបន្ថយពន្ធ ការទិញប្រេង ឧស្ម័ន និងយន្តហោះចម្បាំង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ កុម្ភៈ បានបើកទ្វារសេតវិមានស្វាគមន៍នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដោយបានពិភាក្សាអំពីការបន្ធូរបន្ថយពន្ធ ការទិញប្រេង ឧស្ម័ន និងយន្តហោះចម្បាំងរបស់សហរដ្ឋអាម៉េរិក ចំពេលមានការប្រឈមមុខដាក់គ្នាលើពាណិជ្ជកម្ម។
មុនការទៅដល់សេតវិមានរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជា បង្កើនពន្ធដើម្បីផ្គូផ្គងអត្រាពន្ធដែលប្រទេសផ្សេងទៀតគិតថ្លៃលើការនាំចូលពីសហរដ្ឋអាម៉េរិក ប៉ះពាល់ដល់ដៃគូពាណិជ្ជកម្មអាម៉េរិកជុំវិញពិភពលោក រួមទាំងប្រទេសឥណ្ឌាផងដែរ។ លោក ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖«លោកនាយករដ្ឋមន្ត្រី ម៉ូឌី ថ្មីៗនេះ..បានប្រកាសពីការដាក់ពន្ធគយដ៏អយុត្តិធម៌។ ហើយនេះពិតជាបញ្ហាធំដែលខ្ញុំត្រូវតែនិយាយ។ យើងនឹងឆ្លើយតបចំពោះបញ្ហានេះ»។លោកបន្តថា៖«គោលដៅថ្មីមួយចំនួនគឺជាសេចក្តីប្រាថ្នា៖ ឥណ្ឌាចង់បង្កើនការទិញឧបករណ៍ការពាររបស់សហរដ្ឋអាម៉េរិក រួមទាំងយន្តហោះចម្បាំង ហើយរដ្ឋធានីវ៉ាស៊ីនតោន អាចក្លាយជាអ្នកផ្គត់ផ្គង់ប្រេង និងឧស្ម័នកំពូលរបស់ឥណ្ឌា»។
ទោះបីជាលោក ត្រាំ មានទំនាក់ទំនងដ៏កក់ក្ដៅជាមួយលោក ម៉ូឌី ក្នុងអាណត្តិដំបូងក៏ដោយ ប៉ុន្តែបុរសសេដ្ឋកិច្ចរូបនេះកាលពីថ្ងៃព្រហស្បតិ៍បានរអ៊ូរទាំថា ពន្ធគយរបស់ឥណ្ឌា គឺខ្ពស់ណាស់ ហើយលោកនឹងឆ្លើយតបឱ្យសមស្រប។ យ៉ាងណាមិញ មេដឹកនាំទាំងពីរបានយល់ព្រមលើកិច្ចចរចាពាណិជ្ជកម្ម ដើម្បីដោះស្រាយភាពខុសគ្នាទាំងនោះ ហើយបានសម្ដែងសុទិដ្ឋិនិយមថា ពួកគេអាចបញ្ចប់កិច្ចពិភាក្សាទាំងនោះក្នុងពេលឆាប់ៗ។ យោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក ត្រាំ កិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចឱ្យបានឆាប់នៅឆ្នាំនេះ។ លោក ម៉ូឌីបាននិយាយថា រដ្ឋធានីញូវដេលីចង់ធ្វើពាណិជ្ជកម្មទ្វេដងដល់៥០០ពាន់លានដុល្លារ ជាមួយរដ្ឋធានីវ៉ាស៊ីនតោននៅឆ្នាំ២០៣០។
រដ្ឋធានីញូវដេលី ដែលចង់ជៀសវាងភាពតានតឹងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក បានប្រកាសកាលពីដើមខែនេះថា ខ្លួននឹងកាត់បន្ថយពន្ធនាំចូលលើទំនិញមួយចំនួនដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ការនាំចេញរបស់អាម៉េរិកដូចជាម៉ូតូ និងរថយន្តទំនើបៗ។ សម្រាប់ប្រទេសឥណ្ឌា សហរដ្ឋអាម៉េរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន។ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមាន១១៨ពាន់លានដុល្លារ ជាមួយនឹងអតិរេកឥណ្ឌាប្រហែល៣២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣។
ឥណ្ឌាមិនបានរងផលប៉ះពាល់ទេរហូតមកដល់ពេលនេះ ដោយការដាក់ពន្ធរបស់ត្រាំ ២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ព្រោះរដ្ឋធានីញូវដេលី គឺជាអ្នកនាំចេញដែកថែបតិចតួចទៅសហរដ្ឋអាម៉េរិក។ លោក ត្រាំ ក៏កំពុងត្រួសត្រាយផ្លូវសម្រាប់ការលក់យន្តហោះចម្បាំងបំបាំងកាយ F-35 ឱ្យប្រទេសប្រដាប់ដោយអាវុធប្រល័យលោកឥណ្ឌាផងដែរ។ យន្តហោះចម្បាំង F-35 Lightning II ត្រូវបានដាក់តាំងបង្ហាញនៅឯការតាំងពិពណ៌អាកាសនៅប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ។
មេដឹកនាំទាំង២ ក៏បានពិភាក្សាអំពីអន្តោប្រវេសន៍ដែរ។ ថ្មីៗនេះ ប្រទេសឥណ្ឌាបានទទួលយកការវិលត្រឡប់របស់ជនចំណាកស្រុកចំនួន១០៤នាក់ពីសហរដ្ឋអាម៉េរិក។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ជនអន្តោប្រវេសន៍ជាង៧២៥០០០នាក់មកពីប្រទេសឥណ្ឌា ស្ថិតនៅក្នុងសហរដ្ឋអាម៉េរិកដោយគ្មានការអនុញ្ញាត ជាចំនួនច្រើនបំផុតលំដាប់ទី៣ បន្ទាប់ពីម៉ិកស៊ិក និងអែលសាល់វ៉ាឌ័រ។ គួរបញ្ជាក់ថា លោក ម៉ូឌី គឺជាមេដឹកនាំបរទេសទី៤ ដែលបានទៅជួបលោក ត្រាំ ចាប់តាំងពីការឡើងកាន់តំណែងកាលពីខែមុន បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នាយករដ្ឋមន្ត្រី ជប៉ុន និងស្តេចនៃប្រទេសហ្ស៊កដានី៕