យុទ្ធនាការបរិច្ចាកឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់”
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតី យុទ្ធនាការបរិច្ចាកឈាមក្នុងទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ “ផ្តល់ឈាមផ្តល់ក្តីស្រឡាញ់”។
ពិធីនេះក៏មានវត្តមានចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល លោកជំទាវ ដឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) និងលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ប្រមាណជាង ៣០០នាក់ នៅបរិវេណមជ្ឈមណ្ឌលជាតិផ្តល់ឈាម។
នៅក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានសាសន៍ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន លោកទាំងទ្វេរតែងតែយកព្រះទ័យ យកចិត្តទុកដាក់ចំពោះ កម្លាំងយុវជន និងអ្នកស្ម័គ្រចិត្ត ដោយជំរុញ និងបណ្ដុះនូវឆន្ទៈ ផ្នត់គំនិត បំពេញការងារស្ម័គ្រចិត្តដោយមិនគិតប្រយោជន៍តបស្នងវិញ ស្របតាមគោលការណ៍គ្រឹះទាំង ៧របស់ចលនានិងអនុវត្តតាមយុទ្ធសាស្ដ្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ក្នុងនោះវិស័យសុខភាព និងកាថែទាំសុខភាពគឺជាគោលដៅសំខាន់មួយក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយអត្រាឈឺ និងស្លាប់របស់ប្រជាជន។
លោកជំទាវបញ្ជាក់ជូនថា «យើងបានប្រែក្លាយទិវានៃក្ដីស្រឡាញ់នេះទៅជាទិវានៃក្ដីស្រឡាញ់មនុស្សជាតិ និងទិវានៃក្ដីស្រឡាញ់ខ្លួនឯង ដោយសារថ្ងៃនេះមានការចូលរួមពីក្មួយៗយុវជនកាកបាទក្រហមកម្ពុជា លោកពូ អ្នកមីង ប្រជាពលរដ្ឋទាំងអស់បានមកចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ការចូលរួមបរិច្ចាគឈាមនេះ គឺមិនត្រឹមតែជួយជីវិតអ្នកដទៃ ប៉ុណ្ណោះទេ តែក៏បានជួយជីវិតខ្លួនឯង និងមនុស្សជាទីស្រឡាញ់ផងដែរ។ ជាមួយគ្នានេះ ជំងឺមិនឆ្លង កាន់តែមានការកើនឡើង តម្រូវការឈាមគឺកាន់តែមានច្រើនឡើង ដូច្នេះត្រូវតែចូលរួមបង្ការ និងផ្សព្វផ្សាយវិធីបង្ការជំងឺមិនឆ្លង និងចូលរួមបរិច្ចាគឈាមឱ្យបានទៀងទាត់តាមដែលអាចធ្វើទៅបាន (សម្រាប់បុរសអាចបរិច្ចាគបាន ៤ដងក្នុង១ឆ្នាំ សម្រាប់នារី អាចបរិច្ចាគបាន ៣ដងក្នុង១ឆ្នាំ)» ៕