ឯកឧត្ដមបណ្ឌិត លី ធុជ បានអំពាវនាវឱ្យប្រជាជនកម្ពុជា បន្តរួមដំណើរដឹកនាំនាវាកម្ពុជា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានកសាងឡើងអស់រយៈពេលជាង ៤៦ឆ្នាំមកនេះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិត លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុងបាវិត បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់ បន្តរួមដំណើរដឹកនាំនាវាកម្ពុជា ជាមួយគណបក្សប្រជាជនកម្ពុជា ដែលបានកសាងឡើងអស់រយៈពេលជាង ៤៦ឆ្នាំមកនេះ ឆ្ពោះទៅមុខបន្តទៀត ដេីម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍលេីគ្រប់វិស័យ។
នេះជាការលេីកឡេីងរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ក្នុងពិធីផ្សព្វផ្សាយនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណៈបក្សប្រជាជនកម្ពុជា នៅក្រុងបាវិត ខេត្តស្វាយរៀង។
ឯកឧត្តមបណ្ឌិត លី ធុជ បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងពលីគ្រប់បែបយ៉ាង និងខិតខំប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ដេីម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ជាពិសេសកំពុងកាច់ចង្កូតដឹកនាំនាវាកម្ពុជា នាវាសន្តិភាព ពុះពារគ្រប់ឧបសគ្គ ដេីម្បីភាពរីកចម្រើនរបស់ប្រទេសជាតិ និងភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា។
ពិធីផ្សព្វផ្សាយនេះ មានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង គណបក្សក្រុង គណបក្សសង្កាត់ សាខាបក្សភូមិ សាខាបក្សចំណុះ អនុសាខាបក្ស និងយុវជនបក្ស សរុបចំនួន ៦១៣ នាក់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត លី ធុជ បានពាំនាំនូវសេចក្ដីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការសាកសួរសុខទុក្ខដោយផ្ទាល់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់សមាជិកបក្ស និងប្រជាពលរដ្ឋក្រុងបាវិតទាំងអស់ ៕