អាមេរិក វាយប្រហារយ៉ាងក្ដៅគគុកលើលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប
មុយនិច៖ អនុប្រធានាធិបតីអាមេរិក លោក ជេឌី វ៉ាន បានវាយប្រហារយ៉ាងក្ដៅគគុកលើលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប ដោយបញ្ជាក់ថា ការគំរាមកំហែងដ៏ធំបំផុតដែលប្រឈមមុខនឹងទ្វីបនេះ មិនមែនមកពីរុស្ស៊ី និងចិនទេ ប៉ុន្តែពីខាងក្នុង។
គេរំពឹងថាលោក វ៉ាន នឹងប្រើសុន្ទរកថានៅឯសន្និសិទសន្តិសុខទីក្រុងមុយនិច ដើម្បីនិយាយអំពីកិច្ចចរចាដែលអាចធ្វើទៅបានដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ផ្ទុយទៅវិញ លោកបានចាយពេលភាគច្រើនចោទប្រកាន់រដ្ឋាភិបាលអឺរ៉ុប រួមទាំងចក្រភពអង់គ្លេសផងដែរ ពីការមិនអើពើនឹងការព្រួយបារម្ភរបស់អ្នកបោះឆ្នោតលើការធ្វើចំណាកស្រុក និងសិទ្ធិបញ្ចេញមតិដោយសេរី។
លោកបានចោទប្រកាន់សហភាពអឺរ៉ុបថា គណៈកម្មាធិការកំពុងគាបសង្កត់សេរីភាពបញ្ចេញមតិ ស្តីបន្ទោសប្លុកនេះចំពោះការធ្វើចំណាកស្រុកដ៏ធំ ហើយបានចោទប្រកាន់មេដឹកនាំរបស់ខ្លួនថា បានដើរថយក្រោយលើតម្លៃមូលដ្ឋានមួយចំនួន។
អនុប្រធានាធិបតីអាមេរិករូបនេះ បានប្រើសុន្ទរកថារយៈពេល២០នាទីរបស់គាត់ ដើម្បីវាយប្រហារប្រទេសអឺរ៉ុបមួយចំនួន រួមទាំងចក្រភពអង់គ្លេសផងដែរ។ លោកក៏បានលើកឡើងថា សេរីភាពជាមូលដ្ឋានរបស់ជនជាតិអង់គ្លេសខាងសាសនា ជាពិសេសស្ថិតនៅក្រោមការគំរាមកំហែង។
លោក វ៉ាន បានសង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យអាស្រ័យលើគោលការណ៍ដ៏ពិសិដ្ឋដែលសំឡេងរបស់ប្រជាជនសំខាន់។
ការលើកឡើងរបស់លោក វ៉ាន ក្រោយមកត្រូវបានបរិហារដោយអ្នកនយោបាយមួយចំនួនក្នុងសន្និសីទ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរីស បានបញ្ជាក់ថា ការលើកឡើងបែបនេះគឺមិនអាចទទួលយកបានទេ។
លោក ភីស្តូរីស បានថ្លែងដោយផ្ទាល់ទៅកាន់លោក វ៉ាន ថា លទ្ធិប្រជាធិបតេយ្យត្រូវបានចោទសួរដោយអនុប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រាប់អឺរ៉ុបទាំងមូល។
លោកបន្តថា គាត់និយាយអំពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ គាត់កំពុងប្រៀបធៀបលក្ខខណ្ឌនៅផ្នែកខ្លះនៃអឺរ៉ុបជាមួយនឹងប្រទេសដែលស្ថិតក្នុងរបបផ្តាច់ការនោះគឺមិនអាចទទួលយកបានទេ។
ទន្ទឹមនឹងនោះ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី កាចា កាឡាស (Kaja Kallas) ចាត់ទុកការលើកឡើងរបស់លោក វ៉ាន ថាជាការព្យាយាមជ្រើសរើសការប្រយុទ្ធ ជាមួយអឺរ៉ុប ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់សហរដ្ឋអាម៉េរិក។
សង្រ្គាមអ៊ុយក្រែនត្រូវបានលើកឡើង ដោយលោក វ៉ាន សង្ឃឹមថា ដំណោះស្រាយសមហេតុផលអាចឈានដល់ បន្ទាប់ពីសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កាលពីដើមសប្តាហ៍នេះថា លោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមចាប់ផ្តើមកិច្ចចរចាសន្តិភាព។