ឯកឧត្តម ហ៊ុន ម៉ានី រំឭកប្រសាសន៍សម្តេចតេជោ “អ្នកជំនាន់មុនស្វែងរក និងនាំមកនូវសន្តិភាព ហើយអ្នកជំនាន់ក្រោយជាអ្នកថែរក្សា ការពាតសុខសន្តិភាព”
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលថ្មី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំ ព្រះនិព្វាន ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំព្រះនិព្វាន និងសមាជិកថ្មីសរុប ២១១នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះ ឯកឧត្តមក៏បានរំលេចនូវអត្ថន័យនៃពាក្យសន្តិភាព និងហេតុអ្វីដែលយើងចាំបាច់ត្រូវរំឭកជាប្រចាំ។ ក្នុងនោះ ឯកឧត្តមបានរំឭកនូវប្រសាសន៍របស់សម្តេចតេជោ ដែលបានលើកឡើងថា អ្នកដឹកនាំជំនាន់មុនបានលះបង់សព្វបែបយ៉ាង យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរក និងនាំមកសុខសន្តិភាពជូនជាតិ រីឯអ្នកដឹកនាំជំនាន់ក្រោយគឺជាអ្នកបន្តការពារថែរក្សាសុខសន្តិភាព ដែលនេះគឺជាគុណតម្លៃនៃពាក្យសន្តិភាព ដែលបានបង្កប់នូវអត្ថន័យ នៃការឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ ការតស៊ូដ៏លំបាកលំបិនទម្រាំមានអ្វីគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន។
ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងបន្តកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេស ការគិតគូរដល់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងវិធានការគន្លឺះទាំងឡាយ រាជរដ្ឋាភិបាលបានជំរុញការយកចិត្តទុកដាក់លើការពង្រឹងលើវិស័យសុខាភិបាល និងវិស័យអប់រំ ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពជាច្រើនរបស់ខ្លួន។
ជាចុងបញ្ចប់ សារជាថ្មីម្តងទៀត ឯកឧត្តមសូមថ្លែងអំណរគុណ និងកោតសរសើរដល់សមាជិកសមាជិកាទើបចូលថ្មីដែលបានប្តេជ្ញាចិត្តក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមការពារសមិទ្ធផលទាំងឡាយដែលគណបក្សបានកសាងជូនជាតិមាតុភូមិ និងបន្តដឹកនាំប្រទេសជាតិតទៅមុខ។
សូមបញ្ជាក់ថា សមាជិក សមាជិកា ដែលត្រូវបានបញ្ចូលថ្មី នៅឃុំព្រះនិព្វាននាឱកាសនេះ រួមមាន កម្មករ ១៤៨នាក់, ប្រជាកសិករ ៦នាក់ និងសិស្សនិស្សិត ៥៧នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ ៕