អគ្គនាយកដ្ឋានរដ្ឋបាល លើកឡើងពីការងារគម្រោងមូលនិធិ និងការគាំទ្រក្រុង ស្រុក ឃុំ សង្កាត់
ភ្នំពេញ៖ តាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងពីការងារគម្រោងមូលនិធិ និងការគាំទ្រក្រុង ស្រុក ឃុំ សង្កាត់ ដែលរួមមានដូចខាងក្រោម៖
១-គម្រោងមូលនិធិក្រុង ស្រុក
ការរៀបចំគម្រោងមូលនិធិក្រុង ស្រុកឆ្នាំ២០២៤ មានចំនួន ៥៤៥គម្រោង ក្នុងនោះរួមមាន៖គម្រោងបានបញ្ចប់ការសិក្សាចំនួន ៥៤៥គម្រោង (ស្មើនឹង១០០%) និងបានដេញថ្លៃរួចចំនួន ៥៤៣គម្រោង (ស្មើនឹង៩៩,៦៣%) នៃ គម្រោងបានបញ្ចប់ការសិក្សា និងមិនបានរៀបចំដេញថ្លៃចំនួន ២គម្រោង (ស្មើនឹង ០,៣៧%) នៃគម្រោងដែលបានបញ្ចប់ការសិក្សា ដោយសារអស់ថវិកា និងត្រូវបានលុបចោល។ ចំពោះការអនុវត្តកិច្ចសន្យាគម្រោងក្រុង ស្រុកឆ្នាំ២០២៤ចំនួន ៥៤៣កិច្ចសន្យា បានបញ្ចប់ការសាងសង់១០០%។ គម្រោងមូលនិធិក្រុង ស្រុកឆ្នាំ២០២៣ មានចំនួន៤៩១ បានបញ្ចប់ការសិក្សា ការដេញថ្លៃ និងការសាងសង់ ១០០% ។
២-គម្រោងមូលនិធិឃុំ សង្កាត់
ការរៀបចំគម្រោងមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៤មានចំនួន ២.១៨២គម្រោង ដែលក្នុងនោះរួមមាន៖ គម្រោង បានបញ្ចប់ការសិក្សាចំនួន ២.១៨២គម្រោង (ស្មើនឹង១០០%) និងបានដេញថ្លៃរួចចំនួន ២.១៥៤គម្រោង (ស្មើនឹង ៩៨,៧២%) នៃគម្រោងបានបញ្ចប់ការសិក្សា។ ចំពោះការអនុវត្តកិច្ចសន្យាគម្រោងឃុំ សង្កាត់ឆ្នាំ២០២៤មានចំនួន ២.១៣៦កិច្ចសន្យា ក្នុងនោះកិច្ចសន្យាមិនទាន់អនុវត្តចំនួន ៧១៣កិច្ចសន្យា (ស្មើនឹង៣៣,៣៨%) បញ្ចប់ការសាងសង់ ១០០% ចំនួន ១.៤២១កិច្ចសន្យា (ស្មើនឹង៦៦,៥៣%) កិច្ចសន្យា ដែលអ្នកទទួលការបោះបង់ចំនួន ២កិច្ចសន្យា (ស្មើនឹង០,០៩%)។ ចំពោះការអនុវត្តកិច្ចសន្យាគម្រោង ឃុំ សង្កាត់ឆ្នាំ២០២៣ មានចំនួន ២.០៨៥គម្រោង ក្នុងនោះគម្រោងដែលបានបញ្ចប់ការសិក្សា ការដេញថ្លៃ និងការអនុវត្ត ១០០% ចំនួន ២.០៨៤គម្រោង និងគម្រោងដែលមិនមានថវិកាអនុវត្តចំនួន ១គម្រោង ។
៣-ការគាំទ្រក្រុង ស្រុក ឃុំ សង្កាត់
-បានរៀបចំសេចក្តីព្រាងប្រកាសស្តីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញាក្រុង ស្រុកដាក់ជូនថ្នាក់ដឹកនាំ ពិនិត្យ និងសម្រេច និងដាក់ចេញប្រកាសឱ្យប្រើប្រាស់ជាផ្លូវការចំនួន១០ខេត្ត សរុប ៩៤ក្រុង ស្រុក រួមមាន៖ ខេត្តព្រះសីហនុ ស្ទឹងត្រែង កំពង់ស្ពឺ កំពង់ចាម ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ ប៉ៃលិន កំពង់ឆ្នាំង និងខេត្តកំពង់ធំ ព្រមទាំងខេត្ត ដែលមិនទាន់បានកែសម្រួលនិមិត្តសញ្ញាក្រុង ស្រុកក្រោយកិច្ចប្រជុំមានចំនួន ៧ខេត្ត ដូចជា៖ ខេត្តកំពត តាកែវ បាត់ដំបង ឧត្តរមានជ័យ ក្រចេះ បន្ទាយមានជ័យ និងខេត្តកណ្តាល
-បានរៀបចំកិច្ចប្រជុំពិនិត្យការរៀបចំនិមិត្តសញ្ញាក្រុង ស្រុក បែខេត្តកែប និងខេត្តសៀមរាប ៕