រដ្ឋាភិបាលទីក្រុងមូស្គូ ច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះកងទ័ពណាតូ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន
បរទេស ៖ រដ្ឋាភិបាលទីក្រុងមូស្គូបានច្រានចោល យ៉ាងម៉ឺងម៉ាត់ចំពោះកងទ័ពណាតូ ដែលត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសអ៊ុយក្រែន រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃអង្គារបន្ទាប់ពី កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយ មន្ត្រីអាមេរិកនៅទីក្រុងរីយ៉ាដ។ នេះបើយោងតាមការចេញផ្សាយរបស់ RT។
ក្នុងអំឡុងពេលកិច្ចប្រជុំនៅប្រទេសអារ៉ាប៊ីសាអូឌីត ទីក្រុងមូស្គូ និងវ៉ាស៊ីនតោនបានព្រមព្រៀងគ្នា ក្នុងការផ្តួចផ្តើមដំណើរការសម្រាប់ ដោះស្រាយជម្លោះប៉ុន្តែ អ៊ុយក្រែន និងសហភាពអឺរ៉ុបបានអវត្តមានក្នុងកិច្ចប្រជុំនេះ ដោយទីក្រុងគៀវបានទទូចថា ខ្លួននឹងមិនទទួលស្គាល់លទ្ធផលណាមួយឡើយ បើគ្មានការចូលរួមរបស់ខ្លួននោះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក Lavrov បានសង្កត់ធ្ងន់ថា វត្តមានរបស់កងកម្លាំងប្រដាប់អាវុធ មកពីបណ្តាប្រទេសណាតូ សូម្បីតែនៅក្រោមទង់សហភាពអឺរ៉ុប ឬជាផ្នែកនៃកងកម្លាំងជាតិ គឺមិនអាចទទួលយកបានទាំងស្រុង សម្រាប់ពួកយើងនោះទេ។
ក្រសួងការបរទេសរុស្ស៊ី ធ្លាប់បានព្រមានថា ទីក្រុងមូស្គូចាត់ទុកការរក្សាសន្តិភាពអឺរ៉ុបណាមួយ នៅក្នុងអ៊ុយក្រែនថាជាជំហានបង្កហេតុ ដែលអាចធ្វើឲ្យជម្លោះកាន់តែកើនឡើងប៉ុណ្ណោះ៕