វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដីធ្លី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) រួមមាន លោកស្រី ស ស៊ីយេត, លោក អៀម ប៊ុនលី និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនូវវិវាទពាក់ព័ន្ធនឹងកិច្ចសន្យាទិញលក់ដីធ្លី ដែលកើតឡើងតាំងពីឆ្នាំ២០២០។
សំណុំរឿងនេះ កើតចេញពីការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យាទិញលក់ដីមួយកន្លែង ស្ថិតនៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដោយកន្លងមកគូភាគីបានព្យាយាមស្វែងរកដំណោះស្រាយវិវាទ តែនៅមិនទទួលជោគជ័យ។ ក្រោយមកនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ករណីវិវាទនេះ ត្រូវបានភាគីម្ខាងដាក់ពាក្យមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទដោយសន្តិវិធី។
អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី និងដោយឆាប់រហ័ស។
គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលតាមច្បាប់ កំណត់ហេតុនេះមានតម្លៃអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ៕