ទេសរដ្ឋមន្រ្តី លី ធុជ៖ យើងទាំងអស់គ្នាអាចកសាងកម្ពុជាមួយ ដែលប្រជាជនគ្រប់រូប មិនត្រឹមតែមានសុខសុវត្ថិភាពពីគ្រោះថ្នាក់នៃគ្រាប់មីនប៉ុណ្ណោះទេ តែជាប្រទេសដែលផ្តល់អំណាចដល់ប្រជាជនគ្រប់រូបឱ្យមានលទ្ធភាពកំណត់នូវអនាគតរបស់ខ្លួនឯង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសអបអរសាទរ ក្នុងពិធីសម្ភោធជាផ្លូវការកម្មវិធីឈានទៅកាន់ឯករាជ្យភាព និងសហគ្រិនភាពប្រកបដោយចីរភាព (R.I.S.E) នៅក្នុងប្រទេសកម្ពុជា ដែលជាកម្មវិធីរបស់សម្ព័ន្ធក្រុមហ៊ុន Maybank និងមូលនិធិ Maybank ដើម្បីលើកកម្ពស់ដល់ជនមានពិការភាព និងជនងាយរងគ្រោះ។
ពិធីសម្ភោធជាផ្លូវការនេះ ប្រព្រឹត្តិទៅនៅផ្សារទំនើប AEON Mall ភ្នំពេញ និងមានការអញ្ជើញចូលរួមពី លោក Tan Sri Dato Sri Ir. Zamzamzairani Mohd Isa ប្រធានសម្ព័ន្ធក្រុមហ៊ុន Maybank និងមូលនិធិ Maybank, ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា, ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក Shariffuddin Khalid ប្រធានធនាគារ Maybank កម្ពុជា។
ក្នុងពិធីអបអរសាទរនោះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ការចាប់ផ្តើមនៃកម្មវិធី R.I.S.E គឺជាការចាប់ផ្តើមនៃឱកាសថ្មីៗសម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានពិការភាព និងបងប្អូនដែលងាយរងគ្រោះ និងមានតម្រូវការចាំបាច់ ជាពិសេសបានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគាត់ផ្លាស់ប្តូរ និងបានធ្វើឱ្យគ្រួសាររបស់ពួកគាត់អាចមើលឃើញនូវអនាគតដ៏ភ្លឺថ្លា។ កម្មវិធី R.I.S.E នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាវេទិកាសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែកម្មវិធីនេះជាស្ពានចម្លងទៅកាន់ សេចក្តីថ្លៃថ្នូរ និងឯករាជ្យភាព។
ជាងនេះទៅទៀត ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ បន្តសហការគ្នា ចាប់ដៃគ្នា ទាំងក្នុងជួររាជរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍ ដើម្បីធានាថា មិនមាននរណាម្នាក់ត្រូវបានទុកចោលឡើយ និងរួមគ្នាជួយលើកស្ទួយដល់អ្នកដែលមានតម្រូវការ។ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ទៀតថា “យើងទាំងអស់គ្នាអាចកសាងកម្ពុជាមួយ ដែលប្រជាជនគ្រប់រូប មិនត្រឹមតែមានសុខសុវត្ថិភាពពីគ្រោះថ្នាក់នៃគ្រាប់មីនប៉ុណ្ណោះទេ តែជាប្រទេសដែលផ្តល់អំណាចដល់ប្រជាជនគ្រប់រូបឱ្យមានលទ្ធភាពកំណត់នូវអនាគតរបស់ខ្លួនឯង”។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលការគាំទ្រ និងការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់សម្តេច បន្តជំរុញឱ្យមានការរីកចម្រើន និងបរិយាប័ន្ននៅទូទាំងប្រទេសរបស់យើង។ ឯកឧត្តមបណ្ឌិត លី ធុជ បន្តទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី កម្ពុជាបន្តភាពរីកចម្រើនឆ្ពោះទៅមុខជាលំដាប់ ដោយមិនត្រឹមតែចាកចេញពីស្រមោលអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែបានឈានឆ្ពោះទៅរកអនាគតប្រកបដោយភាពថ្លៃថ្នូរ រុងរឿង និងក្តីសង្ឈឹម សម្រាប់ប្រជាពលរដ្ឋគ្រប់រូបរបស់យើង។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណជូនចំពោះ សម្ព័ន្ធក្រុមហ៊ុន Maybank និង មូលនិធិ Maybank សម្រាប់ការប្តេជ្ញាចិត្តក្នុងការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុ ដើម្បីការងារមនុស្សធម៌ និងបាននាំយកកម្មវិធីនេះមកកម្ពុជា។ ក្រុមហ៊ុន និងមូលនិធិ Maybank មិនមែនផ្តល់ត្រឹមតែវគ្គបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋ។