ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សំណូមពរឲ្យឥណ្ឌា ជួយជំរុញ និងពន្លឿនឯកសារសម្រាប់អនុវត្តគម្រោង អភិវឌ្ឍន៍ធនធានទឹកមួយចំនួន
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនិងគណៈប្រតិភូ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាដែលជានិច្ចកាលតែងតែផ្តល់ជំនួយគាំទ្រទាំងសម្ភារៈ និងថវិកា ជួយដល់កម្ពុជា ជាពិសសកិច្ចសហប្រតិបត្តិការយ៉ាងល្អលើវិស័យធនធានទឹក និងឧតុនិយម នាពេលកន្លងមក។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងបានសំណូមពរដល់ភាគីឥណ្ឌា ដើម្បីជួយជំរុញ និងពន្លឿនឯកសារសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកមួយចំនួនដូចជា៖ ទី១)គម្រោងសាងសង់អាងស្តុកទឹកស្ទឹងស្វាហាប់ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទី២)គម្រោងអភិវឌ្ឍន៍អាងទឹកតាសាលជំហាន២ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទី៣)គម្រោងដំឡើងស្ថានីយបូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ ទី៤)ការអភិវឌ្ឍធនធានមនុស្ស ទាំងផ្នែកបច្ចេកទេស និងបច្ចេកវិទ្យា ទី៥)ការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និង ទី៦)ការកសាងទំនប់អាងទឹកធំៗ និងប្រព័ន្ធធារាសាស្រ្តផ្សេងទៀត។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងបានថ្លែងនូវការកោតសរសើរដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ដែលបានរួមសហការគ្នាយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកឱ្យកាន់តែរីកចម្រើនឈានទ្បើងជាបន្តបន្ទាប់ទៀត៕