នគរបាលខេត្តបន្ទាយមានជ័យ ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ
បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលគ្រប់អធិការដ្ឋានក្រុងស្រុកទាំង៩ បានចុះចែកអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ។
ក្រៅពីនេះកម្លាំងនគរបាលយើងតែងតែយកចិត្តទុកដាក់ បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់ដោយគ្រឿងញៀន, ផលប៉ះពាល់នៃគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(គ្រាប់សល់ពីសម័យសង្គ្រាម) និងជម្រុញដល់ពលរដ្ឋទើបគ្រប់អាយុ ទៅធ្វើអត្តសញ្ញាណសញ្ជាតិខ្មែរឲ្យបានគ្រប់គ្នា។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កម្លាំងនគរបាលគ្រប់អធិការដ្ឋាននគរបាលក្រុងស្រុកទាំងអស់ ត្រូវពង្រឹងការយាមល្បាត, ត្រៀមកម្លាំងប្រចាំការ២៤ម៉ោង ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រៀមអន្តរាគមន៍ បង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសព្រហ្មទណ្ឌ , ក្មេងទំនើង និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិដែលអាចកើតមានជាយថាហេតុ៕