រដ្ឋមន្ត្រីក្រសួងអប់រំ៖ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២៤-២០២៥នេះ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១ ក្នុងនោះសាលារៀនសាធារណៈមាន ១៣ ៩៤៨សាលា សាលារៀនឯកជន ២ ២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣.៣៤៨កន្លែង, ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥ ដែលមានសិស្ស និងនិស្សិតសរុប ៤ ១៧១ ៩៦២ នាក់។
ឯកឧត្ដមបានបញ្ជាក់បែបនេះនៅក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕