លោក ដូណាល់ ត្រាំ នឹងដកហូតអាជ្ញាបណ្ណដែលផ្តល់ដោយលោក ចូ បៃឌិន ទៅឱ្យក្រុមហ៊ុនប្រេង Chevron ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រឡប់មកវិញ
វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងដកហូតអាជ្ញាបណ្ណដែលផ្តល់ដោយអតីតប្រធានាធិបតី ចូ បៃឌិន ជាងពីរឆ្នាំមុន ទៅឱ្យក្រុមហ៊ុនប្រេង Chevron ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រឡប់មកវិញ។ ត្រាំ បានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ថាមិនបានធ្វើឱ្យមានការរីកចម្រើនលើកំណែទម្រង់ការបោះឆ្នោត និងការវិលត្រឡប់របស់ជនចំណាកស្រុក។
នៅក្នុងការសារលើកម្មវិធី Truth Social ត្រាំបានបរិយាយថា លោកបានបដិសេធមិនបន្តកិច្ចព្រមព្រៀងប្រតិបត្តិការប្រេងចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ត្រាំ មិនបានបញ្ចេញឈ្មោះ ក្រុមហ៊ុន Chevron នៅក្នុងមតិរបស់គាត់ទេ ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោន បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Chevron ដើម្បីប្រតិបត្តិការក្នុងវិស័យប្រេងរបស់ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ វាគឺជាអាជ្ញាបណ្ណតែមួយគត់ ដែលរដ្ឋបាលបានចេញសម្រាប់វេណេស៊ុយអេឡានៅថ្ងៃនោះ។
អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានធ្វើការសម្រេចចិត្តដ៏អាក្រក់ ដោយការប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន Chevron របស់សហរដ្ឋអាម៉េរិក»។
លោកស្រីបន្តថា ប្រភេទនៃការសម្រេចចិត្តទាំងនេះ បានជំរុញឱ្យមានការធ្វើចំណាកស្រុកចេញពីវេណេស៊ុយអេឡា។ ក្រោយមក រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ និយាយថា លោកនឹងផ្តល់ការណែនាំអំពីគោលនយោបាយការបរទេស ដើម្បីបញ្ចប់អាជ្ញាបណ្ណប្រេង និងឧស្ម័នសម័យលោក បៃឌិន ទាំងអស់។ វាមិនច្បាស់ភ្លាមៗទេថា តើក្រុមហ៊ុនណាផ្សេងទៀតដែលនឹងប៉ះពាល់នោះទេ?
ក្រុមហ៊ុន Chevron បានទទួលដំណឹងពីចំណាត់របស់លោក ត្រាំ ហើយកំពុងពិចារណាពីផលប៉ះពាល់។ ក្រុមហ៊ុនដែលនាំចេញប្រេងឆៅប្រហែល២សែន៤ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ពីប្រតិបត្តិការនៅប្រទេសវេណេស៊ុយអេឡា លើសពីមួយភាគបួននៃទិន្នផលប្រេងរបស់ប្រទេសទាំងមូល។
ការបញ្ចប់អាជ្ញាបណ្ណ មានន័យថា ក្រុមហ៊ុន Chevron នឹងមិនអាចនាំចេញប្រេងឆៅពីប្រទេសវេណេស៊ុយអេឡាបានទៀតទេ។ ហើយប្រសិនបើក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA នាំចេញប្រេង ដែលបាននាំចេញពីមុនដោយក្រុមហ៊ុន Chevron នោះ រោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាម៉េរិក នឹងមិនអាចទិញវាបានទេ ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ បាននិយាយម្ដងហើយម្ដងទៀតថា សហរដ្ឋអាម៉េរិកមិនត្រូវការប្រេងវេណេស៊ុយអេឡាទេ ហើយបានបើកចំហលទ្ធភាពនៃការដកហូតអាជ្ញាបណ្ណប្រតិបត្តិការរបស់ Chevron។ ក្នុងអំឡុងពេលអាណត្តិដំបូង ត្រាំ បានបន្តគោលនយោបាយដាក់ទណ្ឌកម្មជាអតិបរមាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ជាពិសេសផ្តោតលើអាជីវកម្មថាមពលវេណេស៊ុយអេឡា៕