ក្រុមហ៊ុន Chilwee Group ដែលជាក្រុមហ៊ុនផលិតអាគុយរបស់ចិន មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន នៅកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Chilwee Group មកពីខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយលោក លាន់ អុីនតុង (Luan Yundong) ប្រធានគណៈកម្មការមាត្រដ្ឋានអាគុយ និងជាប្រធានសមាគមឧស្សាហកម្មអាគុយ។
ក្រុមហ៊ុន Chilwee Group គឺជាក្រុមហ៊ុនផលិតអាគុយដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងឈានមុខគេនៅប្រទេសចិន។ តាមរយៈទស្សនកិច្ចសិក្សានេះ ក្រុមហ៊ុនមានបំណងពង្រីកអាជីវកម្មរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងវិស័យកសិកម្ម និងថាមពល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានមានមតិស្វាគមន៍ចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចសិក្សាផ្ទាល់នៅកម្ពុជា។
ឯកឧត្ដមអគ្គលេខាធិការបានលើកទ្បើងពីសក្តានុពលក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសការកែច្នៃស្វាយចន្ទី និងខេត្តសក្តានុពលសម្រាប់ដាំដុះស្វាយចន្ទីនៅកម្ពុជា ដែលបច្ចុប្បន្នស្វាយចន្ទីគឺជាវិស័យដែលមានសក្តានុពលក្នុងការវិនិយោគ និងជាដំណាំកសិកម្មដែលអាចទាញយកផលប្រយោជន៍ជាអតិបរិមា។ រីឯវិស័យថាមពល ក្រុមហ៊ុនអាចផលិតអាគុយសម្រាប់បម្រើឱ្យការបំពាក់សូទ្បា ស្តុកថាមពល និងការផ្តត់ផ្គង់ដល់ទោចក្រយានយន្តជាដើម។ បន្ថែមពីនេះ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើការលើកទឹកចិត្តឱ្យក្រុមហ៊ុនឆាប់ធ្វើការសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប លោក លាន់ អុីនតុងបានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានឆ្លៀតពេលមមាញឹកទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនយ៉ាងក្បោះក្បាយពីបរិយាកាសវិនិយោគនៅកម្ពុជា។ លោកបានបង្ហាញចំណាប់អារម្មណ៍ថាតាមរយៈជំនួបលើកនេះ ក្រុមហ៊ុននឹងធ្វើការគិតគូរពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាតាមការចង្អុលបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ។