សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ និងសម្តេចម៉ែ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅចិន
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ស្តេចយាងទៅពិនិត្យព្រះរាជសុខភាពនៅសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥។
អញ្ជើញ និងយាងដង្ហែព្រះរាជដំណើរនាឱកាសនោះមានវត្តមាន ឥស្សរជនជាតិជាន់ខ្ពស់ជាថ្នាក់ដឹកនាំ សមាជិកសមាជិកាស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ប្រធាន សមាជិកសមាជិកាក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទំាងឥស្សរជនជាតិសំខាន់ៗនិងព្រះរាជវង្សានុវង្ស ជាច្រើនកុះករ។
កូនចៅប្រជានុរាស្រ្ត សូមព្រះបរមរាជានុញ្ញាត ក្រាបបង្គំថ្វាយព្រះពរព្រះករុណាជាអម្ចាស់និងសម្តេចម៉ែ សូមទ្រង់បានប្រកបដោយ ព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំដល់ប្រជានុរាស្ត្រគ្រប់រូបរស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕