អភិបាលខេត្តបន្ទាយមានជ័យ ជំរុញដល់រដ្ឋបាលក្រុង-ស្រុក ទាំងអស់ បន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក សៅ សាឡែម ជានាយករដ្ឋបាលសាលាស្រុកភ្នំស្រុកពិធីនេះក៏មានការអញ្ជើញ ក្រុមការងារចុះមូលដ្ឋានស្រុក អភិបាលស្រុកមន្ត្រីរាជការនៃរដ្ឋបាលស្រុក មេភូមិ មេឃុំ បានចូលរួមប្រារព្ធធ្វើនៅសាលាស្រុកភ្នំស្រុក។
ដើម្បីឆ្លើយតបទៅនឹងសេចក្តីទុកចិត្តតែងតែជានាយករដ្ឋបាលសាលាស្រុក លោក សៅ សាឡែម បានធ្វេីការប្តេជ្ញាចិត្ត៖
១-គោរព និងប្រតិបត្តិដោយភក្ដីភាពចំពោះជាតិ សាសនា និង ព្រះមហាក្សត្រ និងប្តេជ្ញាការពារ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដោយអនុវត្តឱ្យស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជា ជាធរមាន។
២-ខិតខំអនុវត្តកម្មវិធីនយោបាយ អនុវត្តផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យ បានត្រឹមត្រូវ និងឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរក្នុងការអភិវឌ្ឍសង្គមជាតិ។
៣-រឹតចំណងសហការសាមគ្គីភាព មិត្តភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនងល្អជាមួយរដ្ឋបាល ខេត្ត ក្រុមប្រឹក្សាស្រុក ស្ថាប័ន អង្គភាពពាក់ព័ន្ធឱ្យស្របតាមច្បាប់គ្រប់គ្រងរដ្ឋបាលក្រុង ស្រុក និង ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរ និង ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
៤-ខិតខំស្រាវជ្រាវសិក្សារៀនសូត្របន្ថែម ស្វែងរកបទពិសោធន៍ល្អៗ ដើម្បីជាគន្លឹះនិងមាគ៌ា អភិវឌ្ឍមូលដ្ឋាន ស្របតាមគោលការណ៍ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
៥-យកចិត្តទុកដាក់ខ្ពស់ អនុវត្តនូវកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ និងផ្តល់សេវាជូន ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ ប្រជាពលរដ្ឋ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលស្រុក ក៏ដូចជាមន្រ្តីរាជការគ្រប់ឋានានុក្រមរដ្ឋបាលឃុំ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលកន្លងមកបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំ ពេញតួនាទីភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ កែលំអសេវារដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពល្អប្រសើរជាងមុន។
ឯកឧត្ដមអភិបាលខេត្ត ក៏ជំរុញបន្ថែមដល់រដ្ឋបាលក្រុង-ស្រុក ទាំងអស់ បន្តខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងខេត្តបានទទួលលទ្ធផលល្អប្រសើរគួជាទីមោទនយ៉ាងក្រៃលែង។
ទន្ទឹមជាមួយគ្នានោះ ដើម្បីឱ្យកិច្ចការងារប្រកបដោយភាពរលូននិងកាន់តែមានប្រសិទ្ធភាព ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ អភិបាលស្រុក ក៏ដូចជាមន្ត្រីក្រោមឱវាទត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មិនត្រូវមានការប្រកាន់ ឬបែងចែកជាបក្ខ ជាពួកបក្ខ ត្រូវសហការគ្នាលើការងារផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានលឿនរហ័ស តាមតម្រូវការ ដូចជា សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណបណ្ណ ក្នុងគោលដៅ ធ្វើយ៉ាងណាឱ្យខេត្តបន្ទាយមានជ័យជាខេត្តផ្តល់សេវាល្អជាងគេ ៕