អភិបាលខេត្ដកំពង់ឆ្នាំង ជំរុញលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងឪពុក-ម្តាយ អាណាព្យាបាល ចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាអនាម័យបរិស្ថាន
ភ្នំពេញ៖ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ឆ្នាំង បានជំរុញដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងឪពុក-ម្តាយ អាណាព្យាបាល ចូលរួមទាំងអស់គ្នាដើម្បីថែរក្សាអនាម័យបរិស្ថាន ជាពិសេសរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនតាមដែលអាចធ្វើបាន។
ឯកឧត្តមអភិបាលខេត្ដ បានជំរុញបែបនេះ ក្នុងកាសអញ្ជើញទស្សនកិច្ចដើម្បីពិនិត្យពីវឌ្ឍនភាពស្តីពីការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតាមសាលារៀនគោលដៅក្នុងខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងមិនត្រឹមតែបណ្តុះនូវផ្នត់គំនិតភាពស្អាតដល់សិស្សានុសិស្សនៅសាលានោះទេ ប៉ុន្តែត្រូវធ្វើយ៉ាងណាឱ្យពួកគេនាំទម្លាប់នៃភាពស្អាតទៅដល់ផ្ទះ គ្រួសារ និងសហគមន៍ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងទៀតថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តសហការចូលរួមយ៉ាងស្អិតរមួតជាមួយក្រសួងបរិស្ថានគ្រប់យុទ្ធនាការនានា ដែលបានដាក់ចេញ ដូចជា «កម្ពុជាស្អាត ខ្មែរធ្វើបាន» «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និង«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ជាដើម ដោយរដ្ឋបាលខេត្តណែនាំដល់ អាជ្ញាធរក្រុង ស្រុក សាលារៀន រួមគ្នាធ្វើយុទ្ធនាការខាងលើ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ នៅទូទាំងខេត្ត។
សូមរំលឹកថា ខេត្តកំពង់ឆ្នាំង ត្រូវបានប្រកាសជា «ខេត្ត គ្មានសំរាម សំណល់ប្លាស្ទិកតាមទីសាធារណៈ» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៕