តម្លៃមាសនៅទូទាំងពិភពលោកបានកើនឡើង!
បរទេស៖ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា អត្រាមាសពិភពលោកបានកើនឡើង ដោយក្នុងនោះ តម្លៃដុំមាសរបស់វៀតណាមបានកើនឡើង 0.55% ដល់ ៩១លានដុង ស្មើនឹង ៣.៥៥៦,០៨ ដុល្លារអាមេរិក ក្នុងមួយតម្លឹង នៅព្រឹកថ្ងៃចន្ទ។ តម្លៃមាសស្រដៀងគ្នានេះបានឡើងដល់ ៩០,៩ លានដុងក្នុងមួយតម្លឹង។ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន។
នៅទូទាំងពិភពលោក នៅថ្ងៃច័ន្ទនេះ តម្លៃមាសបានកើនឡើង ដែលត្រូវបានជួយដោយប្រាក់ដុល្លារដែលធ្លាក់ចុះ ខណៈដែលការពន្យារពេលក្នុងការស្វែងរកសន្តិភាពក្នុងប្រទេសអ៊ុយក្រែន និងការព្រួយបារម្ភអំពីគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក បានជំរុញឱ្យមានតម្រូវការសុវត្ថិភាពសម្រាប់លោហៈធាតុ។ នេះបើយោងតាមសារព័ត៌មាន Reuters ។
តម្លៃមាសបានកើនឡើង ០,៣ភាគរយ ដល់ ២.៨៦៦,៧៦ ដុល្លារក្នុងមួយអោន។ អនាគតមាសរបស់សហរដ្ឋអាមេរិកបានកើនឡើង ១,១ភាគរយ គឺដល់ ២.៨៨០,៥០ ដុល្លារ។
សន្ទស្សន៍ប្រាក់ដុល្លារបានធ្លាក់ចុះពីកម្រិតខ្ពស់ជាងពីរសប្តាហ៍នៅក្នុងវគ្គមុន ដែលធ្វើឲ្យមាសដុំមានតម្លៃថោកសម្រាប់អ្នកកាន់រូបិយប័ណ្ណផ្សេងទៀត។
លោក Kelvin Wong អ្នកវិភាគទីផ្សារជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅ OANDA បាននិយាយថា “ការកើនឡើងនៃតម្លៃមាសនៅអាស៊ីនៅដើមថ្ងៃនេះ ទំនងជាត្រូវបានជំរុញដោយកត្តាហានិភ័យភូមិសាស្ត្រនយោបាយ ដោយសារតែការជំរុញឱ្យមានកិច្ចព្រមព្រៀងសន្តិភាពដែលរំពឹងទុករវាងអ៊ុយក្រែន និងរុស្ស៊ី” ។
ជំនួបរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្លាឌីមៀ ហ្សេលេនស្គី ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ បានបញ្ចប់ ក្នុងគ្រោះមហន្តរាយ ដោយបន្ថែមភាពមិនច្បាស់លាស់ដល់ទីផ្សារហិរញ្ញវត្ថុមានភាពរង្គោះរង្គើរួចទៅហើយ ដោយសារតែទិន្នន័យសេដ្ឋកិច្ចចុះខ្សោយ និងការប្រែប្រួលជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បាននិយាយកាលពីថ្ងៃអាទិត្យថា ពន្ធលើប្រទេសកាណាដា និងម៉ិកស៊ិកនឹងចូលជាធរមាននៅថ្ងៃអង្គារ ប៉ុន្តែលោក ត្រាំ នឹងកំណត់ថាតើត្រូវនៅពង្រីក 25% ដែលបានគ្រោងទុក ឬយ៉ាងណា៕