រាជរដ្ឋាភិបាលថៃ កំពុងសិក្សាពីគំនិតសាងសង់ជញ្ជាំងមួយផ្នែកនៃព្រំដែនរបស់ខ្លួនជាមួយកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់
បាងកក៖ រាជរដ្ឋាភិបាលថៃ បានបញ្ជាក់កាលពីថ្ងៃចន្ទទី០៣មីនាថា ខ្លួនកំពុងសិក្សាពីគំនិតសាងសង់ជញ្ជាំងមួយផ្នែកនៃព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ខណៈកិច្ចខិតខំប្រឹងប្រែងចម្រុះជាតិសាសន៍ ដើម្បីបង្ក្រាបបណ្តាញមជ្ឈមណ្ឌលឆបោកខុសច្បាប់កំពុងកើនឡើង។
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហ៊ួងសាប់ បាននិយាយកាលពីថ្ងៃចន្ទថា ថៃនឹងសិក្សាពីលទ្ធភាពនៃការសាងសង់ជញ្ជាំងនៅតាមផ្នែកមួយនៃព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ លោកបន្តថា ការសាងសង់ជញ្ជាំងអាចកើតមាន គឺជាគំនិតមួយដែលត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ។ លោក ជីរ៉ាយុ បន្ថែមថា ក្រសួងការបរទេស និងការពារជាតិត្រូវបានចាត់ឱ្យជួបពិភាក្សាលើបញ្ហានេះជាមួយអាជ្ញាធរកម្ពុជា។
ការបង្រ្កាបកំពុងពង្រីកប្រឆាំងនឹងមជ្ឈមណ្ឌលឆបោក ជាពិសេសនៅតាមព្រំដែនថៃជាមួយប្រទេសមីយ៉ាន់ម៉ា និងប្រទេសកម្ពុជា ដែលមនុស្សរាប់សែននាក់ត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជនក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះបើយោងតាមអង្គការសហប្រជាជាតិ។ កាលពីចុងសប្តាហ៍កន្លងទៅ ប៉ូលិសកម្ពុជា-ថៃ បានឆ្មក់សម្រុកចូលអគារមួយក្នុងក្រុងប៉ោយប៉ែតជាប់ព្រំដែន និងបានរំដោះជនបរទេសចម្រុះជាតិសាសន៍ចំនួន២៣០នាក់ ក្នុងប្រតិបត្តិការបង្ក្រាប និងប្រឆាំងយ៉ាងទូលំទូលាយ ចំពោះការរីកដុះដាលដូចផ្សិតនៃមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងតំបន់។ ជនបរទេសត្រូវបានជួយសង្គ្រោះរួមមាន៖ ជនជាតិថៃ១០៩នាក់, ប៉ាគីស្ថាន៥០នាក់, ឥណ្ឌា៤៨នាក់, តៃវ៉ាន់៥នាក់, និងឥណ្ឌូណេស៊ី៣នាក់។
គួរបញ្ជាក់ថា ថៃ និងកម្ពុជា មានព្រំដែនជាប់គ្នា៨១៧គីឡូម៉ែត្រ។ ក្រសួងការពារជាតិថៃ ធ្លាប់បានស្នើរឱ្យសាងសង់ជញ្ជាំង ដើម្បីបិទផ្លូវឆ្លងកាត់ចម្ងាយ៥៥គីឡូម៉ែត្រ រវាងខេត្តស្រះកែវរបស់ប្រទេសថៃ និងក្រុងប៉ោយប៉ែតរបស់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្ន ត្រូវបានការពារដោយខ្សែលួសបន្លាប៉ុណ្ណោះ៕