ស្នងការនគរបាលខេត្តកែប ណែនាំដល់គ្រប់បណ្ដាអង្គភាពជំនាញទាំងអស់ ត្រូវបង្កើនការចេញល្បាតក្នុងភូមិសាស្ត្របង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេល
ភ្នំពេញ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាព កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុន ក្រោមប្រធានបទ “១ជីវិតមិនប្រព្រឹត្តការសេពគ្រឿងញៀន”។
ពិធីនេះក៏មានការចូលរួមពី លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងទាំងអស់ នាយ នាយរងការិយាល័យជំនាញ អធិការ អធិការរងនគរបាលក្រុង ស្រុកទាំងពីរ ប្រធានក្រុមចំរុះនគរបាលខេត្តចុះប្រចាំការគ្រប់ក្រុម ប្រធានក្រុមអន្តរាគមន៍ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ឃុំ សង្កាត់ សរុបចំនួន ១៣៣នាក់ អញ្ជើញចូលរួម។
អង្គប្រជុំក៏បានស្តាប់របាយការណ៍បូកសរុបស្តីពីលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែលអានដោយ លោកវរសេនីយ៍ឯក អ៊ូច កុម្ភៈ នាយការិយាល័យសរុបផែនការ ផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង និងការចូលរួមយោបល់ពីបណ្តាសមាជិកអង្គប្រជុំផងដែរ។
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់កងកម្លាំងគ្រប់អង្គភាពដែលបានអនុវត្តការងារយ៉ាងសកម្មឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សាស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម បង្ការទប់ស្កាត់រាល់បទល្មើសនានាដែលកើតមានក្នុងភូមិសាស្ត្រខេត្តគួរឱ្យមានមោទនភាព។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត ក៏បានដាក់ចេញនូវផែនការមួយចំនួន ព្រមទាំងណែនាំដល់គ្រប់បណ្ដាអង្គភាពជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលការណ៍ ផែនការនិងបទបញ្ជាក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងកម្មវិធីរត់ម៉ារ៉ាតុន និងបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលអញ្ជើញចូលមកសម្រាកកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត ឲ្យទទួលបានសុវត្ថិភាពល្អជាបន្តទៀត និងយកចិត្តទុកដាក់ជំរុញការគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈឲ្យបានឆាប់រហ័ស និងបំផុសការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំ បង្កើនការចេញល្បាតក្នុងភូមិសាស្ត្របង្ការទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេល ជាពិសេសបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន និងក្មេងទំនើង ៕