ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ផ្តល់អនុសាសន៍ និងធាតុចូលបន្ថែម ៥ចំណុច ដល់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី-ខេត្ត ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាតសុខាភិបាលលើកទី៤៤ ស្តីពី «សមិទ្ធផល និងវឌ្ឍនភាពវិស័យសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងក្រសួង/ស្ថាប័ន តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល។
តាមរយៈរបាយការណ៍របស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបង្ហាញនូវសមិទ្ធផល និងវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៤ រួមមាន៖ ១).ការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការថែទាំព្យាបាល និងអន្តរាគមន៍សុខភាពសាធារណៈ ២).ការកែលម្អគុណភាពសេវាជាប្រចាំ ការរៀបចំនិងការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល ៣).ការពង្រឹងកិច្ចការនិយ័តកម្មសេវាសុខាភិបាល និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្លងដែលលេចឡើង ៤).ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល៥).ការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម ៦).ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថលជាដើម។
ឆ្លើយតបនឹងចក្ខុវិស័យរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី សូមផ្តល់អនុសាសន៍ និងធាតុចូលបន្ថែម ដល់ក្រសួងសុខាភិបាល រដ្ឋបាលរាជធានី-ខេត្ត ក្រសួង/ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព តាមតួនាទី និងភារកិច្ចរបស់ស្ថាប័ននូវកិច្ចការអាទិភាពមួយចំនួន ដូចជា ៖
(១). បន្តពង្រឹងមុខងារ និងសមត្ថភាពមណ្ឌលសុខភាពឱ្យកាន់តែរឹងមាំ ក្នុងការផ្តល់សេវាអប់រំសុខភាព សេវាបង្ការជំងឺ និងសេវាព្យាបាលដែលមានគុណភាព និងសុវត្ថិភាព ដើម្បីប្រជាជនមូលដ្ឋានទទួលបាននូវសេវាថែទាំសុខភាព ស្របតាមលក្ខខ័ណ្ឌបច្ចេកទេស ស្ថានភាពភូមិសាស្រ្តនិងហិរញ្ញវត្ថុ និយាមវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ព្រមទាំងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជនមូលដ្ឋាន និងជំរុញការចូលរួមរបស់សហគមន៍។
(២). បន្តពង្រឹងសមត្ថភាពបច្ចេកទេសនៃមន្ទីរពេទ្យបង្អែកស្រុក ឱ្យក្លាយជាបង្អែកដ៏រឹងមាំរបស់មណ្ឌលសុខភាព ដូចនេះមន្ទីរពេទ្យស្រុកត្រូវមានសមត្ថភាពបច្ចេកទេសសមស្របតាមនិយាមស្តង់ដា ដើម្បីគ្រប់គ្រងករណីអ្នកជំងឺ ឬជនរងគ្រោះដែលបានបញ្ជូនមកពីមណ្ឌលសុខភាព ជាពិសេសករណីសង្គ្រោះបន្ទាន់។
(៣). បង្កើនការយល់ដឹងរបស់ប្រជាជន យុវជន និងកុមារ ក្នុងការបង្ការហានិភ័យនៃជំងឺ ជាពិសេសជំងឺមិនឆ្លង និងការប្រតិបត្តិការផ្លាស់ប្តូរឥរិយាបថហានិភ័យសុខភាព តាមរយៈការអប់រំ សុខភាពក្នុងមូលដ្ឋានសុខាភិបាល ការចុះផ្តល់សេវាសុខភាពតាមសហគមន៍ និងតាមយន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ
(៤). បញ្រ្ជាបសារអប់រំសុខភាពប្រកបដោយនវានុវត្តន៍ ឱ្យច្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ដើម្បីបណ្តុះអក្ខរកម្មសុខភាពដល់កុមារ និងយុវជនក្នុងវ័យសិក្សា ឱ្យប្រតិបត្តិឥរិយាបថល្អចំពោះសុខភាព ហើយអាចក្លាយជាទម្លាប់ល្អ ពេញមួយជីវិតរស់នៅ តាមរយៈការលើកកម្ពស់កិច្ចសហការរវាងក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសរវាងមណ្ឌលសុខភាព និងសាលារៀន។
(៥). បង្កើនការគ្របដណ្តប់ និងការប្រើប្រាស់សេវា និងព័ត៌មានសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពជូនដល់ប្រជាជន តាមរយៈការផ្តល់សេវាថែទាំសុខភាពដែលមានគុណភាព ស្របតាមពិធីសារជាតិ ឬស្តង់ដាប្រតិបត្តិគ្លីនិក។ អន្តរាគមន៍នៃការផ្តល់សេវាថែទាំសុខភាព ត្រូវមានគុណវុឌ្ឍិគ្រប់គ្រាន់ ហើយប្រជាជនអាចប្រើប្រាស់បាននៅរាល់ពេលត្រូវការប្រកបដោយ គុណភាព ឯតម្លៃសេវាទៀតសោតសមនឹងទទួលយកបាន។ សូមបន្តជំរុញឱ្យមានសេវា ២៤ ម៉ោង ក្នុងមួយថ្ងៃ និង ៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត ទូទាំងប្រទេស។
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់ក្រសួងសុខាភិបាល និងសូមថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ និងសូមឱ្យបន្តជំរុញអនុវត្តនូវឧត្តមានុវត្តន៍ និងផែនការសកម្មភាពឆ្នាំ២០២៥ និងឆ្នាំបន្ត ក្នុងវិស័យសុខាភិបាល ដូចបានដាក់ចេញតាមស្មារតីនៃសន្និបាតសុខាភិបាលលើកទី ៤៤ នេះ នឹងរឹតតែជំរុញភាពជឿនលឿននៃវឌ្ឍនភាពវិស័យសុខាភិបាល និងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០៣០ ទាក់ទងនឹងសុខភាព ក៏ដូចជាផ្សារភ្ជាប់ជាមួយវឌ្ឍនភាពក្នុងវិស័យពាក់ព័ន្ធផ្សេងទៀតផងដែរ៕