ស្ថានទូតឥណ្ឌា នឹងបន្តផ្តល់ការគាំទ្រដល់ការងារបោសសម្អាតមីន និងផ្តល់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែកក្នុងដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះក៏បានចូលរួមចំណែកក្នុងការអនុវត្តយន្តការភូមិអស់មីន ក្នុងខេត្តកោះកុង ផងដែរ។
ពាក់ព័ន្ធនឹងការរួមចំណែកក្នុងវិស័យមីននៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ថា អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា បានចាប់ផ្កើមកិច្ចសន្ទនារវាងគ្នាក្នុងឆ្នាំ២០២១ និងបានចាប់ផ្តើមអនុវត្តក្នុងឆ្នាំ២០២២ ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័ស និងគម្រោងជំនួយរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា។ តាមរយៈគម្រោងបោសសម្អាតមីននេះ ពិតជាបានឆ្លើយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផ្តល់ដីសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។
ឯកឧត្តម Vanlalvawna Bawitlung បានវាយតម្លៃខ្ពស់ពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងនោះរួមទាំងការរួមចំណែកគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅខេត្តកោះកុង ដែលនេះជាការបោះជំហានទៅមុខបន្ថែមទៀតក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសកម្ពុជា និងឥណ្ឌា។ ឯកឧត្តម Vanlalvawna Bawitlung បានបន្តលើកឡើងទៀតថា ស្ថានទូតឥណ្ឌា នឹងបន្តផ្តល់ការគាំទ្រដល់ការងារបោសសម្អាតមីន និងផ្តល់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌា បានចូលរួមបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយអាជ្ញាធរមីន និងធ្វើការបោសសម្អាតនៅក្នុងខេត្តកោះកុង ហើយផ្ទៃដីប្រមាណ ២,២០ គីឡូម៉ែត្រក្រឡា បាននឹងកំពុងធ្វើការបោសសម្អាតដោយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC)។
ជាមួយគ្នានេះ ស្ថានទូតឥណ្ឌា ក៏បានរួមចំណែកក្នុងការផ្តល់នូវអវយវៈសិប្បនិមិត្តដល់ជនមានពិការភាពដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ៧០០ នាក់ នៅខេត្តបន្ទាយមានជ័យ ផងដែរ ៕