រដ្ឋមន្រ្តី ឈាង រ៉ា៖ តួនាទីស្រ្តី ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងដំណើរជីវិតរបស់យើងទាំងអស់គ្នា
ភ្នំពេញ៖ នាថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ មីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ៖ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» របស់មន្ទីរពេទ្យកាល់ម៉ែត។
ក្នុងទិវាដ៏វិសេសវិសាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ លោកជំទាវ ឯកឧត្តម លោក លោកស្រី ទាំងអស់ ដែលជានិច្ចកាលតែងតែសហការ និងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ស្ត្រី និងក្មេងស្រីនាពេលកន្លងមក។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការ លើកស្ទួយវិស័យសុខាភិបាល ការផ្តល់សេវាប្រកបដោយ គុណភាព និងសមភាព ជូនដល់ប្រជាជន ព្រមទាំងខិតខំអភិវឌ្ឍចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំ មន្ទីរពេទ្យកាល់ម៉ែត សូមបន្តលើកស្ទួយដល់មន្រ្តីរាជការ និងបុគ្គលិកជាស្រ្តី លើកទឹកចិត្តដល់នារី និងត្រូវមើលឱ្យឃើញជាក់ស្តែងការខិតខំ ក្នុងការបំពេញភារកិច្ចការងារ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី រលឹកឡើងថា «ស្រ្តីគឺតំណាងឱ្យភាពស្អាតស្អំ ស្រ្តីតំណាងឱ្យគតិបណ្ឌិត ស្រ្តីតំណាងឱ្យភាពស្មោះត្រង់ ឃើញស្រ្តីគឺឃើគភាពថ្នាក់ថ្នម ឃើញក្តីសង្ឃឹម។»
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក កម្មករ កម្មការិនី នៃមន្ទីរពេទ្យកាល់ម៉ែតបន្តនូវវប្បធម៌រួមសាមគ្គីជាធ្លុងមួយ ជាមួយភាពមោះមុត់របស់ស្រ្តីឥរិយាបថទន់ភ្លន់ ក្នុងនាមជាអ្នកបម្រើសេវាសុខាភិបាល ដោយបន្តប្រកាន់យកនូវក្រមសីលធម៌ វិជ្ជាជីវៈខ្ពស់ សហការគ្នាអនុវត្តការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីជាកម្លាំងស្នូលដ៏មានអត្ថប្រយោជន៍ខ្ពស់ ជួយទ្រទ្រង់វិស័យសុខាភិបាល និងកាន់តែឈានទៅការរីកចម្រើនជាបន្តបន្ទាប់ ជាមួយគុណតម្លៃដ៏ឧត្តុង្គឧត្តម។
ឆ្លៀតក្នុងឱកាសអបអរសារទរទិវាអន្តរជាតិនារី ៨មីនា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យកាល់ម៉ែត ជាស្រ្តី ចំនួន ៣០៥រូប ដែលមានស្នាដៃក្នុងការបំពេញការងារ យ៉ាងល្អប្រសើរប្រកបដោយគុណភាព ៕