ឧត្តមសេនីយ៍ទោ ខូវ លី លើកទឹកចិត្តចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូបដែលបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិ និងប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” នៅស្នងការដ្ឋាននគរបាលខេត្ត។
លោកឧត្តមសេនីយ៍ទោ ខូវ លី បានលើកសរសើនិងលើកទឹកចិត្តចំពោះកងកម្លាំងនគរបាលជានារីគ្រប់រូបដែលបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដើម្បីបម្រើជាតិនិងប្រជាពលរដ្ឋ ក្នុងទឹកចិត្តអង់អាចក្លាហាន ឆន្ទៈ មោះមុត តស៊ូ ឆ្លងកាត់គ្រប់ឧបសគ្គដោយស្មារតីទទួលខុសត្រូវនិងការប្តេជ្ញាចិត្តខ្ពស់និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឱ្យបានល្អប្រសើរជូនជាតិមាតុភូមិ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីដូចខាងក្រោម៖
-ស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជានារីទាំងអស់ ខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យបានខ្លាំងពូកែបន្ថែមទៀត ដើម្បីឱ្យមានលក្ខណៈសម្បតិ្ត សមស្របក្នុងការបំពេញតួនាទី និងភារកិច្ចទាំងក្នុងក្របខ័ណ្ឌការងារដឹកនាំ និងការងារជំនាញបច្ចេកទេស។
-ស្នើដល់មន្ត្រីនគរបាលជានារី ជួយផ្តល់យោបល់ដ៏ល្អ ទាំងក្នុងអង្គភាពការងារ សង្គម និងក្នុងគ្រួសារ ចៀសវាងរក្សានៅភាពស្ងៀមស្ងាត់ រង់ចាំការផ្តល់យោបល់របស់បុរស ព្រមទាំងបន្តរក្សានៅប្រពៃណីថ្លៃថ្នូរ មានមនសិការការងារ គោរពវិន័យក្រិតក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស រក្សាបាននូវតម្លៃ គុណធម៌ ឱ្យសាកសមទៅនឹងកិត្តិនាមរបស់ស្រ្តីជាមាតាពិភពលោក ៕