អភិបាលខេត្តតាកែវ អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ កុំជឿរតាមការញ៉ុះញ៉ុងរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស ដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ រួមនឹងមន្រ្តីរាជការ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់ នាយទាហាន និងពលទាហាន វរសេនាតូចលេខ៣៣៣ និងវរសេនាតូច៦០៣ នគរបាលការពាព្រំដែនគោក ដែលឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតមកដល់នាពេលខាងមុខនេះ នៅទីបញ្ជាការកងវរសេនាតូចលេខ៣៣៣ ស្ថិតក្នុងឃុំ គិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលខិតខំបម្រើជាតិមាតុភូមិ ការពារសុខសន្ដិភាព និងអធិបតេយ្យភាព បូរណភាពទឹកដី របស់កម្ពុជា នៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ដោយមិនអោយបាត់បង់សូម្បី១មីលីម៉ែត ។
ជាមួយគ្នានោះអភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់កុំជឿរតាមការញ៉ុះញ៉ុងរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល បំផ្លាញសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាឲ្យសោះ ពោលទោះស្ថិតក្នុងតម្លៃណាក៏ដោយត្រូវបន្តប្ដេជ្ញាការពារ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បន្តដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅរកការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ និងរក្សាបាននូវសុខសន្ដិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិនៅទូទាំងប្រទេស៕