លោក ម៉ាក ខានី ត្រូវបានបោះឆ្នោតជ្រើសរើសជា មេដឹកនាំគណបក្សសេរីនិយមរបស់កាណាដា
អូតាវ៉ា៖ លោក ម៉ាក ខានី ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំគណបក្សសេរីនិយមរបស់ប្រទេសកាណាដា ហើយនឹងជំនួសតំណែងលោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ។
លោក ខានី ដែលមានអាយុ៥៩ ឆ្នាំទទួលបានសំឡេងឆ្នោត៨៦ ភាគរយ ដើម្បីផ្តួលអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកស្រី គ្រីស្ទៀ ហ្វ្រីលែន (Chrystia Freeland) ។ ឥឡូវនេះ លោក ខានី ត្រូវបានគេរំពឹងថានឹងដឹកនាំគណបក្សចូលទៅក្នុងការបោះឆ្នោតសហព័ន្ធបន្ទាប់ ដែលត្រូវតែធ្វើឡើងមុនខែតុលា ហើយត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងរឹងពីគណបក្សអភិរក្ស ដែលបច្ចុប្បន្នកំពុងនាំមុខក្នុងការបោះឆ្នោត។ខណៈពេលដែលលោក ខានី នឹងចូលកាន់តំណែងភ្លាមៗជាមេដឹកនាំគណបក្សសេរីនិយម លោក ទ្រូដូ នឹងនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាសម្រាប់រយៈពេលអន្តរកាល។
បញ្ហាដ៏ធំបំផុតមួយដែលលោក ខានី ត្រូវប្រឈមគឺទំនាក់ទំនងដ៏ជូរចត់របស់ប្រទេសកាណាដាជាមួយសហរដ្ឋអាម៉េរិក។ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានស្តីបន្ទោសម្ដងហើយម្ដងទៀតចំពោះប្រទេសកាណាដាចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចូលទៅក្នុងសហរដ្ឋអាម៉េរិក ដោយបានគំរាមបញ្ចូលកាណាដាទៅជារដ្ឋទី៥១ និងដាក់ពន្ធលើការនាំចូលរបស់កាណាដា ដែលសេតវិមានអះអាងថាចាំបាច់ដើម្បីទប់ស្កាត់លំហូរនៃសារធាតុហ្វេតានីលឆ្លងកាត់ព្រំដែនរបស់ខ្លួន។
នៅក្នុងសុន្ទរកថាដំបូងបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត លោក ខានី បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីជាមួយដៃគូពាណិជ្ជកម្មដែលអាចទុកចិត្តបាន។ លោកក៏បានប្តេជ្ញាថានឹងរក្សាពន្ធសងសឹកលើសហរដ្ឋអាម៉េរិករហូតដល់ជនជាតិអាម៉េរិកបង្ហាញការគោរពដល់យើង។ ដោយថ្កោលទោសផែនការពន្ធរបស់រដ្ឋបាល ត្រាំ លោក ខានី បាននិយាយអំពីប្រធានាធិបតីអាម៉េរិកថា៖«គាត់កំពុងវាយប្រហារគ្រួសារ កម្មករ និងអាជីវកម្មកាណាដា ហើយយើងមិនអាចឱ្យគាត់ជោគជ័យបានទេ»។ លោកបានបន្ថែមថា៖«ក្នុងការធ្វើពាណិជ្ជកម្មដូចជាការប្រកួតកីឡាហុកគី កាណាដានឹងឈ្នះ»។
លោក ទ្រូដូ បានដឹកនាំគណបក្សអស់រយៈពេលជាងមួយទសវត្សរ៍។ ការចាកចេញពីតំណែងនាពេលខាងមុខរបស់លោក ទ្រូដូ ធ្វើឡើង បន្ទាប់ពីវិបត្តិនយោបាយជាបន្តបន្ទាប់ ការមិនសប្បាយចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាជនចំពោះសេដ្ឋកិច្ច និងការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកស្រី គ្រីស្ទៀ ហ្វ្រីលែន ។ នៅក្នុងសុន្ទរកថាក្នុងនាមជាមេដឹកនាំគណបក្សសេរីនិយម លោក ទ្រូដូ បានព្រមានកាលពីថ្ងៃអាទិត្យថា ប្រជាជនកាណាដាប្រឈមមុខនឹងបញ្ហាប្រឈមដែលមានស្រាប់ពីសហរដ្ឋអាម៉េរិក។ សូមជម្រាបជូនថា លោក ទ្រូដូ បានដាក់ពន្ធសងសឹកចំនួន៣០ ពាន់លានដុល្លារកាណាដាលើសហរដ្ឋអាម៉េរិកជាការឆ្លើយតបនឹងពន្ធដែលលោក ត្រាំ យកមកលើប្រទេសកាណាដា។
គួរបញ្ជាក់ថា លោក ខានី គឺជាមេដឹកនាំនាំដំបូងមិនមានប្រវត្តិនយោបាយពិតប្រាកដបានក្លាយជានាយករដ្ឋមន្ត្រីកាណាដា។ លោកបាននិយាយថា បទពិសោធបម្រើការជាអភិបាលធនាគារកណ្តាល មានន័យថាគាត់គឺជាបេក្ខជនដ៏ល្អបំផុតក្នុងការដោះស្រាយជាមួយលោក ត្រាំ៕