កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី
ម៉ានីល៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ កូនស្រីរបស់លោក Rodrigo Duterte ដែលបច្ចុប្បន្នជាអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បានធ្វើដំណើរទៅកាន់ប្រទេសហូឡង់ បន្ទាប់ពីមានការចាប់ខ្លួនឱពុកលោកស្រី តាមសំណើរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ជុំវិញការស៉ើបអង្កេតសង្គ្រាមប្រឆាំងគ្រឿងញៀន។
អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានបញ្ជូនតាមយន្តហោះឯកជន (Private Jet) ចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ជាទីដែលតុលាការ ICC ស្ថិតនៅ កាលពីយប់ថ្ងៃអង្គារ។
លោក Duterte ត្រូវបានគេរំពឹងថានឹងទៅដល់ហូឡង់ នៅថ្ងៃពុធនេះ។ ការិយាល័យរបស់លោកស្រី Sara គ្រាន់តែឱ្យដឹងថា លោកស្រី បានឡើងជើងយន្តហោះពេលព្រឹក ទៅកាន់ទីក្រុង Amsterdam ប៉ុន្តែមិនបានបញ្ជាក់ថា លោកស្រីទៅដើម្បីអ្វី ឬរយៈពេលដែលលោកស្រីគ្រោងនឹងស្នាក់នៅហូឡង់នោះទេ។
តាមលោក Silvestre Bello អតីតរដ្ឋមន្ត្រីក្រសួងការងារ និងជាមេធាវីរបស់ លោក Duterte ក្រុមអ្នកច្បាប់នឹងជួបជុំគ្នា ដើម្បីវាយតម្លៃជម្រើស និងស្វែងរកភាពច្បាស់លាស់អំពីកន្លែងដែលលោក Duterte ត្រូវបាននាំខ្លួនទៅ ហើយថា តើពួកគេអាចត្រូវបានអនុញ្ញាត ឱ្យចូលជួបលោកដែរឬអត់។ រីឯកូនស្រីពៅរបស់លោក ឈ្មោះ Veronica Duterte គ្រោងដាក់សំណើទៅតុលាការកំពូលហ្វីលីពីន ដើម្បីបង្ខំរដ្ឋាភិបាលឱ្យនាំលោក Duterte ត្រលប់មកវិញ។ នេះបើតាមអតីតមេធាវីរបស់លោក។
គួរបញ្ជាក់ថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានចេញដីកាចាប់ខ្លួនលោក ពាក់ព័ន្ធនឹងសង្រ្គាមបង្រ្កាបគ្រឿងញៀន ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់មនុស្សរាប់ពាន់នាក់៕